ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូទៅធ្វើការ តែទាក់ដៃចង្កូតកញ្ចក់ឡានដួលខ្ទាតទៅកណ្ដាលផ្លូវ ម៉ូតូមកដល់កិនស្លាប់ពេលបញ្ជូនដល់ពេទ្យ

ចែករំលែក៖

ភ្នំពេញ ៖ យុជនម្នាក់បានជិះម៉ូតូទៅធ្វើការ សំណាងមិនល្អ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍រហូតបាត់បង់ជីវិត បន្ទាប់ពីជិះម៉ូតូទាក់ដៃចង្កូតកញ្ចក់ឡានដួលខ្ទាតទៅកណ្តាលថ្នល់ ស្រាប់តែម៉ូតូ១គ្រឿងមកពីក្រោយកិនស្លាប់ក្រោយពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទី ថ្ងៃអាទិត្យ ៧រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១០ខែធ្នូ ឆ្នាំ២០១៧ ស្ថិនៅតាមផ្លូវព្រៃសរ ក្នុងភូមិប្រកា សង្កាត់ព្រៃសរ ខណ្្ឌដង្កោ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ឈ្មោះ តាប់ ណាក់ ភេទប្រុស អាយុ២៥ឆ្នាំ មានមុខរបរកម្មកររោងចក្រ ស្នាក់នៅភូមិអន្លង់សង្កែ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងម៉ូតូជនរងគ្រោះជិះម៉ាកហុងដាឌ្រឹមសង់សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១២ ពាក់ស្លាកលេខកំពង់ចាម ១ I ៩៦១១។ ចំណែករថយន្តបង្ករម៉ាកហុីយ៉ាន់ដាយ ពណ៌ខៀវ ដឹកឥវ៉ាន់ មានស្លាកលេខ ភ្នំពេញ ២B ៨៥០៣ ចំណែកអ្នកបើកបរបានរត់គេចខ្លួនបាត់ស្រមោលបន្សល់ទុកនៅតែព្រូឡានម្នាក់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា រថយន្តមួយគ្រឿងបានឈប់បត់ជើងតូចហើយបានបើកចេញមកវិញ ដោយមិនទាន់ផុតផង ក៏មានម៉ូតូ១គ្រឿងបានបើកមកប៉ះជាមួយនឹងកញ្ចក់រថយន្ត បណ្តាលឲ្យដួលខ្ទាតទៅកណ្តាលថ្នល់ ស្របពេលនោះក៏មានម៉ូតូ១គ្រឿងទៀតបានមកពីក្រោយកិនចំពាក់កណ្តាលខ្លួនហើយបានជិះរត់គេចខ្លួនបាត់ស្រមោល។

ប្រភពដដែលបានបន្តទៀតថា នៅពេលភ្លាមៗនោះ ប្រជាពលរដ្ឋបានទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានមកជួយអន្តរាគមន៍ និងហៅរថយន្តសង្គ្រោះបន្ទាន់ដឹកជនរងគ្រោះយកទៅកាន់មន្ទីរពេទ្យផងដែរ តែអកុសលជនរងគ្រោះបានបញ្ជូនដល់មណ្ឌលសុខភាពដង្កោ ក៏បានស្លាប់តែម្ដង។

បច្បន្នសពជនរងគ្រោះបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត ។ ចំណែករថយន្តបង្ក និងម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ចមូលដ្ឋានទទួលផ្នែកចរាចរណ៍ ចុះមកវាស់វែង យកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ


ចែករំលែក៖