ព័ត៌មានទាន់ហេតុការណ៍៖

ឧកញ៉ា​ ប៊ុន​ ស៊ីថា​ ឆបោក​ប្រាក់​ជិត​ពីរ​លាន​ដុល្លារ​ត្រូវ​តុលាការ​ផ្តន្ទាទោសពីរ​ឆ្នាំ

ចែករំលែក៖

ភ្នំពេញ​៖ ​ឧកញ៉ា​ប៊ុន​ ស៊ីថា​ ដែល​ឆបោក​ប្រាក់​ជិត​ពីរ​លាន​ដុល្លារ​នៅ​ រសៀលថ្ងៃទី១២ ខែធ្នូ នេះ​ ត្រូវ​លោក អ៊ី​ ថាវរៈ ចៅក្រម​ជំនុំជម្រះ​នៃ​សាលាដំបូងរាជ​ធានីភ្នំពេញ​ ប្រកាស សាលក្រមផ្តន្ទាទោស ដាក់​ពន្ធនាគារ​ពីរ​ឆ្នាំ និងពិន័យជាប្រាក់ពីរ​លានរៀលពីបទឆបោក។​ សាលក្រមដដែលបានបង្គាប់​ឱ្យ​ជនជាប់ចោទសងប្រាក់ដើមបណ្តឹង ចំនួន ១.៨៩៩.​០០០ ដុល្លារអាមេរិក និងសំណង​ជំងឺ​ចិត្ត ៥ម៉ឺនដុល្លារ។

ឧកញ៉ា ប៊ុន ស៊ីថាទទួលបាន​សេចក្ដី​ជូន​ដំណឹង​ (សជណ)​មួយពី គណៈ​រដ្ឋមន្ត្រី​ឱ្យ​ធ្វើការដោះដូរដីរដ្ឋមួយកន្លែងរបស់ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច​ ការិយាល័យប្រឆាំងគ្រឿងញៀននិងការិយាល័យប្រឆាំង ការជួញដូរមនុស្សនិងការពារ អនី​តិជនរាជធានីភ្នំពេញ ដែលការិយាល័យទាំង៣នេះនៅក្នុងបរិវេណតែមួយ ។

ពេលឧកញ៉ា​ ប៊ុន​ ស៊ីថា​ បានស.ជ.ណ​នេះ​ហើយឧកញ៉ាបានលក់ស.ជ.ណនោះទៅ​ឱ្យ​ក្រុម​ហ៊ុនមួយក្នុងតម្លៃទឹកប្រាក់ ៩០​ម៉ឺន​ដុល្លារអាមេរិក។ ពេលលក់ស.ជ.ណ​ ទៅ​ឱ្យ​ក្រុមហ៊ុននោះបានទទួលប្រាក់រួចហើយ តែស.ជ.ណមិនទាន់បានប្រគល់​ឱ្យ​គេទេ ។

ក្រោយមកក្រុមហ៊ុនមួយ នោះទាមទារ យកស.ជ.ណក៏លេចឮព័ត៌មានថា ឧកញ៉ា ប៊ុន ស៊ីថា យកទៅដាក់បញ្ចាំទើបក្រុមហ៊ុននោះប្តឹងឧកញ៉ា មក ស្ថាប័នតុលាការ។

រហូតមកដល់ថ្ងៃទី០៧ ខែធ្នូ​ ឆ្នាំ២០១៦ លោកមេធាវីម្នាក់បាននាំ កូនក្តី គឺឧកញ៉ា ប៊ុន ស៊ីថា មកកាន់សាលាដំបូង​រាជធានីភ្នំពេញ​ ដើម្បីចូលឆ្លើយ បំភ្លឺលើបណ្តឹងឆបោក ។ ក្រោយមកនៅថ្ងៃដដែលគេឃើញលោកមេធាវីដើរចេញពីសាលាដំបូងតែម្នាក់ ឯង ស្របពេលនោះតំណាងអយ្យការ បានទាក់ទងសមត្ថកិច្ច​ឱ្យ​មកចាំឃាត់ ឧកញ៉ាប៊ុន ស៊ីថា តែម្តង។

ក្នុងសវនាការកន្លងទៅជនជាប់ចោទប៊ុន ស៊ីថា ទទួលស្គាល់ថា បានលក់ដីអោយក្រុមហ៊ុនមួយក្នុងតម្លៃ៩០​ម៉ឺន​ដុល្លារពិត ប្រាកដមែន ហើយធានាក្នុងកាត់ឈ្មោះ ថែមទៀត។ ប៉ុន្តែដោយសារតែការ អនុវត្ត ជួបឧបសគ្គនិងបញ្ហាមួយ ចំនួនដែល ដោះស្រាយមិនទាន់រួចហើយខ្វះខាតប្រាក់បង្វិល ទើបខ្លួន បានយកដីនោះទៅដាក់បញ្ចាំ​ឱ្យ​អ្នកដទៃចំនួន៣០​ម៉ឺន​ដុល្លារ។

ជនជាប់ចោទបានបន្តទៀតថា ប្រាក់ ដែលបានមកខ្លួនយកមកដោះស្រាយ បន្ថែមទៀត តែមិនទាន់រួចរាល់ ក៏ត្រូវ ដើមបណ្តឹងបានដឹងតែម្តង។ ក្នុងនោះ ពួកយើងបានធ្វើកិច្ចសន្យាបន្ថែមស្តីពី ការទិញលក់ដី ដោយខ្លួនទទួល ខុសត្រូវទាំងអស់រាល់ការខាតបង់។ ដូច្នេះខ្លួនពុំមានចេតនាយកប្រាក់គេហើយ រួចមិនកាត់ឈ្មោះអោយគេនោះ ទេ។ ប៉ុន្តែខ្លួនគ្មានលទ្ធភាពដោះ ស្រាយប្រាក់​ឱ្យ​ទាន់ពេលវេលា៕ ចេស្តា​


ចែករំលែក៖