ភ្នំពេញ៖ ឧកញ៉ាប៊ុន ស៊ីថា ដែលឆបោកប្រាក់ជិតពីរលានដុល្លារនៅ រសៀលថ្ងៃទី១២ ខែធ្នូ នេះ ត្រូវលោក អ៊ី ថាវរៈ ចៅក្រមជំនុំជម្រះនៃសាលាដំបូងរាជធានីភ្នំពេញ ប្រកាស សាលក្រមផ្តន្ទាទោស ដាក់ពន្ធនាគារពីរឆ្នាំ និងពិន័យជាប្រាក់ពីរលានរៀលពីបទឆបោក។ សាលក្រមដដែលបានបង្គាប់ឱ្យជនជាប់ចោទសងប្រាក់ដើមបណ្តឹង ចំនួន ១.៨៩៩.០០០ ដុល្លារអាមេរិក និងសំណងជំងឺចិត្ត ៥ម៉ឺនដុល្លារ។
ឧកញ៉ា ប៊ុន ស៊ីថាទទួលបានសេចក្ដីជូនដំណឹង (សជណ)មួយពី គណៈរដ្ឋមន្ត្រីឱ្យធ្វើការដោះដូរដីរដ្ឋមួយកន្លែងរបស់ការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ការិយាល័យប្រឆាំងគ្រឿងញៀននិងការិយាល័យប្រឆាំង ការជួញដូរមនុស្សនិងការពារ អនីតិជនរាជធានីភ្នំពេញ ដែលការិយាល័យទាំង៣នេះនៅក្នុងបរិវេណតែមួយ ។
ពេលឧកញ៉ា ប៊ុន ស៊ីថា បានស.ជ.ណនេះហើយឧកញ៉ាបានលក់ស.ជ.ណនោះទៅឱ្យក្រុមហ៊ុនមួយក្នុងតម្លៃទឹកប្រាក់ ៩០ម៉ឺនដុល្លារអាមេរិក។ ពេលលក់ស.ជ.ណ ទៅឱ្យក្រុមហ៊ុននោះបានទទួលប្រាក់រួចហើយ តែស.ជ.ណមិនទាន់បានប្រគល់ឱ្យគេទេ ។
ក្រោយមកក្រុមហ៊ុនមួយ នោះទាមទារ យកស.ជ.ណក៏លេចឮព័ត៌មានថា ឧកញ៉ា ប៊ុន ស៊ីថា យកទៅដាក់បញ្ចាំទើបក្រុមហ៊ុននោះប្តឹងឧកញ៉ា មក ស្ថាប័នតុលាការ។
រហូតមកដល់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ លោកមេធាវីម្នាក់បាននាំ កូនក្តី គឺឧកញ៉ា ប៊ុន ស៊ីថា មកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចូលឆ្លើយ បំភ្លឺលើបណ្តឹងឆបោក ។ ក្រោយមកនៅថ្ងៃដដែលគេឃើញលោកមេធាវីដើរចេញពីសាលាដំបូងតែម្នាក់ ឯង ស្របពេលនោះតំណាងអយ្យការ បានទាក់ទងសមត្ថកិច្ចឱ្យមកចាំឃាត់ ឧកញ៉ាប៊ុន ស៊ីថា តែម្តង។
ក្នុងសវនាការកន្លងទៅជនជាប់ចោទប៊ុន ស៊ីថា ទទួលស្គាល់ថា បានលក់ដីអោយក្រុមហ៊ុនមួយក្នុងតម្លៃ៩០ម៉ឺនដុល្លារពិត ប្រាកដមែន ហើយធានាក្នុងកាត់ឈ្មោះ ថែមទៀត។ ប៉ុន្តែដោយសារតែការ អនុវត្ត ជួបឧបសគ្គនិងបញ្ហាមួយ ចំនួនដែល ដោះស្រាយមិនទាន់រួចហើយខ្វះខាតប្រាក់បង្វិល ទើបខ្លួន បានយកដីនោះទៅដាក់បញ្ចាំឱ្យអ្នកដទៃចំនួន៣០ម៉ឺនដុល្លារ។
ជនជាប់ចោទបានបន្តទៀតថា ប្រាក់ ដែលបានមកខ្លួនយកមកដោះស្រាយ បន្ថែមទៀត តែមិនទាន់រួចរាល់ ក៏ត្រូវ ដើមបណ្តឹងបានដឹងតែម្តង។ ក្នុងនោះ ពួកយើងបានធ្វើកិច្ចសន្យាបន្ថែមស្តីពី ការទិញលក់ដី ដោយខ្លួនទទួល ខុសត្រូវទាំងអស់រាល់ការខាតបង់។ ដូច្នេះខ្លួនពុំមានចេតនាយកប្រាក់គេហើយ រួចមិនកាត់ឈ្មោះអោយគេនោះ ទេ។ ប៉ុន្តែខ្លួនគ្មានលទ្ធភាពដោះ ស្រាយប្រាក់ឱ្យទាន់ពេលវេលា៕ ចេស្តា