ព័ត៌មានទាន់ហេតុការណ៍៖

បុរសជនជាតិហ្វីលីពីនម្នាក់មានជំងឺប្រចាំកាយ៩ឆ្នាំដេកស្លាប់ក្នុងបន្ទប់ជាន់ទី១

ចែករំលែក៖

ភ្នំពេញៈ បុរសជនជាតិហ្វីលីពីនម្នាក់ មានជំងឺប្រចាំកាយអស់រយៈពេល៩ឆ្នាំដោយជំងឺ ខូចគ្រលៀនដេកស្លាប់តែឯងគ្មានអ្នកណាដឹងនៅក្នុងបន្ទប់ជាន់ទី១ ករោយមកទុំបសាច់ញាតិរាយការណ៍ប្រាប់សមត្ថកិច្ច កាលពីវេលាម៉ោង១២និង២០នាទីរសៀល ថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង ទី១២ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅ ផ្ទះលេខ៩ ក្រុម៣ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ SANTOS DANILODELA CRUZ ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរ ជាបុគ្គលិកក្រុមហ៊ុន SHA KAKA INC កាន់លិខិតឆ្លងដែនលេខ EC1922584 ស្នាក់នៅផ្ទះកើតហេតុខាងលើ ។

តាមប្រភពអ្នកស្នាក់នៅជាមួយ បានឲ្យដឹងថា ជនរងគ្រោះមានជំងឺខូចក្រលៀន៩ឆ្នាំមកហើយ ព្យាបាលមិនជាទេ ហើយរហូតមកដល់ រសៀលថ្ងៃទី១២ ខែធ្នូនេះ មុនកើតហេតុជនរងគ្រោះមិនស្រួលខ្លួន ជំងឺធ្វើទុក្ខ ហើយបានទូរស័ព្ទហៅរថយន្តសង្រ្គោះ របស់មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ ឲ្យទៅជួយដឹកយកទៅសង្រ្គោះ តែគ្រូពេទ្យទៅដល់បានប្រាប់ថា ជនរងគ្រោះស្លាប់បាត់ទៅហើយ ទើបឆោឡោរាយការណ៍ប្រាប់សមត្ថកិច្ច ឲ្យចុះទៅពិនិត្យមើលតែម្តង ។

ក្រោយពីសមត្ថកិច្ចជំនាញចុះទៅពិនិត្យ ឃើញថា ជនរងគ្រោះស្លាប់ដោយសារជំងឺរ៉ាំរ៉ៃប្រចាំកាយពិតប្រាកដមែន ទើបដឹកយកសពទៅតម្កល់នៅវត្តស្ទឹងមានជ័យដើម្បីរាយការណ៍បន្តទៅស្ថានទូត និងរង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕ តុង សីហា


ចែករំលែក៖