ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តធំងោកមួយភាំងជ្រុលឡើងខឿនទ្រូងផ្លូវ​ហើយបន្តទៅបុកម៉ូតូមន្ត្រីម្នាក់របួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ អ្នកបើកបររថយន្តធុនធំ ប្រភេទយីឌុបសណ្តោងរ៉ឺម៉កមួយគ្រឿង បានងោកមួយភាំងហើយរេចង្កូតជ្រុលឡើងខឿនសួនច្បារទ្រូងផ្លូវបុកស្លាកសញ្ញាចរាចរណ៍ ធ្លាក់ចុះមកវិញ បន្តទៅបុកម៉ូតូមន្រ្តីម្នាក់កំពុងជិះឆ្លងផ្លូវបណ្តាលឲ្យរងរបួសធ្ងន់ រួចជ្រុលទៅឡើងខឿនម្តងទៀតទើបអស់ល្បឿនទៅមុខលែងរួច។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១០និង៤០នាទីព្រឹក ថ្ងៃព្រហស្បិ៍ ១១រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០១៧ ស្ថិតនៅតាមបណ្តោយផ្លូវ២១៧ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ​ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានរថយន្តបង្ក ម៉ាក ហុីយ៉ាន់ដាយ យីឌុប សណ្តោងរ៉ឺម៉ក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-8347 ។

ចំណែកម៉ូតូរងគ្រោះ ម៉ាកហ៧ងដា សេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FD-1948 បើកបរដោយឈ្មោះ យក់ ពិសិដ្ឋ ភេទប្រុស អាយុ៣៨ឆ្នាំ ជាមន្រ្តីអាវុធហត្ថខណ្ឌដង្កោ រងរបួសធ្ងន់ ។

ប្រភពដដែលបានឲ្យដឹងទៀតថា មុនកើតហេតុ រថយន្តបង្កបើកតាមបណ្តោយផ្លូវ២១៧ ពីជើងទៅត្បូង លុះដល់ចំណុចខាងលើ សង្ស័យថាអ្នកបើកបរងោក ទើបរេចង្កូតឡើងខឿនសួនច្បារ ពុះចែកទ្រូងផ្លូវបុកស្លាកសញ្ញាចរាចរណ៍ ហើយចុះមកវិញ ចំប្រឡោះដាច់ជ្រុលទៅបុកម៉ូតូរបស់ជនរងគ្រោះ កំពុងជិះម៉ូតូឆ្លងផ្លូវ ពីកើតទៅលិចបណ្តាលឲ្យរងរបួសធ្ងន់ រថយន្តមិនទាន់អស់ល្បឿនបន្តឡើងខឿនម្តងទៀត ទើបអស់ល្បឿនឈប់ស្ងៀម ។
​​​​​
ក្រោយកើតហេតុជនរងគ្រោះត្រូវបានដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរុស្សី ចំណែករថយន្តបង្កនិងម៉ូតូ សមត្ថក៨ច្ចយកទៅរក្សាទុកនៅការិយាល័យចរចរណ៍ជើងគោក ក្រុងភ្នំពេញ រងចាំដោះស្រាយពេលក្រោយ ៕ ភារ៉ា ដង្កោ


ចែករំលែក៖