ព័ត៌មានទាន់ហេតុការណ៍៖

ទាហាន និងតម្រួតថៃ២៤នាក់ ចេញមកហាមឃាត់មិនឲ្យគ្រឿងចក្រក្រុមហ៊ុនចិនធ្វើផ្លូវនៅខាងមុខច្រកបឹងត្រកួនបង្គោលសីម៉ា៣៦

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ ទាហានប៉ារ៉ា និងតម្រួតថៃ២៤នាក់នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៧ បានចេញមកហាមឃាត់គ្រឿងចក្ររបស់ក្រុមហ៊ុនចិនកំពុងធ្វើផ្លូវនៅច្រកតំបន់បឹងត្រកួនត្រង់ចំណុចបង្គោលសីម៉ាលេខ៣៦ ស្ថិតក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ឈម និងស្រុកតាបប្រាយ៉ា ខេត្តស្រះកែវប្រទេសថៃ។

សេចក្តីរាយការណ៍ពីសមត្ថកិច្ចកម្ពុជាឈរជើងនៅចក្រតំបន់បឹងត្រកួនឲ្យដឹងថា ការចេញមុខមកហាមឃាត់ពីសំណាក់សមត្ថកិច្ចថៃ គ្រាដែលសកម្មភាព ឈូសឆាយ គារ ចាក់ក្រាលគ្រួសថ្ម បានធ្វើទៅដល់ចំណុចបង្គោលសីម៉ាលេខ៣៦ នោះហើយ ប៉ុន្តែមិនទាន់កិនពង្រាបបង្ហាប់នៅឡើយនោះទេ។ ភាគីថៃគេសំណូមពរឲ្យភាគីកម្ពុជាផ្អាកធ្វើផ្លូវចាក់មកដល់ចំណុចបង្គោលសីម៉ាលេខ៣៦ដែលមានប្រវែង៣៥ម៉ែត្រពីប៉ុស្ថិ៍នគរបាលកម្ពុជាការពារព្រំដែនបឹងត្រកួននោះសិនរង់ចាំភាគីថៃរាយការណ៍ទៅថ្នាក់លើគេនោះសិន។

សេចក្តីរាយការណ៍ឲ្យពីសមត្ថកិច្ចកម្ពុជាឲ្យដឹងទៀតថា ការចេញហាមឃាត់នោះដែរ រវាងសមត្ថកិច្ចកម្ពុជា និងសមត្ថកិច្ចថៃ មិនមានបញ្ហាប្រឈមតានតឹងដាក់គ្នានោះឡើយ គ្រាន់តែចេញមកជជែកពិភាក្សាគ្នាដោយសន្តិវិធី ។ បន្ទាប់មក សមត្ថកិច្ច អាជ្ញាធរដែនដីកម្ពុជា និងសមត្ថកិច្ចថៃ ក៏មានការប្រជុំពិភាក្សាដើម្បី ដោះស្រាយបញ្ហានោះហើយ ប៉ុន្តែគេមិនទាន់ដឹងថា លទ្ធផលដោះស្រាយនោះមានភាពអវិជ្ជមាន ឬវិជ្ជមានយ៉ាងណានៅឡើយនោះទេ។

សេចក្តីរាយការណ៍ដដែលឲ្យដឹងទៀតថា ការធ្វើផ្លូវរបស់ក្រុមហ៊ុនចិននៅចំណុចច្រកតំបន់បឹងត្រកួន ខេត្តបន្ទាយមានជ័យប្រទេសកម្ពុជាកាលពីក្នុងអំឡុងគ្រឿងចក្រចាក់ដីឈូសឆាយចាប់ផ្តើមពង្រីកធ្វើផ្លូវ កាលពីប៉ុន្មានខែកន្លងមកនោះខាងសមត្ថកិច្ចថៃធ្លាប់ចេញមកហាមឃាត់ម្តងរួចមហើយ ប៉ុន្តែការហាមឃាត់នោះមិនអាចរារាំងបានសម្រេចក្នុងការកសាងផ្លូវនៅក្នុងទឹកដីកម្ពុជាបានឡើយ ។

សូមបញ្ជាកថា ពាក់ព័ន្ធ និងបញ្ហាព្រំដែនរវាងកម្ពុជា-ថៃក្នុងភូមិសាស្រ្ត ខេត្តបន្ទាយមានជ័យនេះផងដែរ កាលពីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៧ នៃអង្គភាពវរៈសេនាតូចយោធាការពារព្រំដែនគោកលេខ៥០៣ ចំណុះឲ្យយោធភូមិភាគទី៥ ឈរជើងតំបន់បន្ទាត់ព្រំដែនកម្ពុជា-ថៃបានលើកឡើងពីចំណុចប្រឈមនៅតាមបន្ទាត់ព្រំដែនឲ្យដឹងថា ស្ថានភាពនៅតាមបន្ទាត់ព្រំដែននៅតែកើតមានភាពមិនប្រក្រតី ភាគីថៃនៅមានគំនិតមហិច្ឆតា ប៉ុនប៉ងពង្រីកទឹកដីតាមខ្សែបន្ទាត់ព្រំដែនដូចជា ថៃបណ្តែតបណ្តោយឲ្យប្រជាជនរបស់ខ្លួនចូលរុករានកាប់ឆ្ការព្រៃ និងលបលួចចូលដោះមីននៅតំបន់ហាមឃាត់ ដែលភាគីទាំងកម្ពុជា-ថៃមិនទាន់ឯកភាពគ្នាទៅលើការវាស់វែងកំណត់ព្រំដែនច្បាស់លាស់នៅឡើយនោះ ដូចជានៅតំបន់បង្គោលព្រំដែនសីម៉ា លេខ៤៨ បង្គោលសីម៉ាលេខ៤៦ និងបង្គោលសីម៉ាលេខ៤៣ ជាដើម ។

សកម្មភាពដោះមីននៅតាមបន្ទាត់ព្រំដែនរបស់ទាហានថៃនោះដែរ សេចក្តីរាយការណ៍ឲ្យដឹងថា កាលពីមួយឆ្នាំកន្លងទៅនោះ ទាហានថៃបានចូលបោសសំអាតមីនតាមបន្ទាត់ព្រំដែន ឈមចំណុចមហោស្រប និងស្រុកថ្មពួកខេត្តបន្ទាយមានជ័យបណ្តាលឲ្យផ្ទុះមីនទទួលរងរបួសធ្ងន់ទាហានថៃម្នាក់ផងដែរ៕ សំ វិច្ឆិកា


ចែករំលែក៖