ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់រងរបួសធ្ងន់ខណៈកំពុងជិះម៉ូតូត្រូវរថយន្ដបុកពីក្រោយពេញមួយទំហឹង

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ខណៈកំពុងជិះម៉ូតូ មានរថយន្ដមួយគ្រឿងបើកខ្វះការប្រុងប្រយ័ត្នបុកពេញមួយទំហឹង បណ្ដាលឲ្យទទួលរងរបួសធ្ងន់ កាលពីថ្ងៃពុធ ១០រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ លើផ្លូវលេខ១១៥ ស្ថិតក្នុងភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះត្រូវបានរថយន្ដសាមុយដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ រីឯម៉ូតូត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងដកហូតយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមច្បាប់ ។

មន្រ្ដីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនរងគ្រោះរបួសធ្ងន់ឈ្មោះ ឈិន ឈី ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិត្រើយកោះ ឃុំឈើខ្មៅ ស្រុកកោះធំ ខេត្តកណ្តាល ជិះម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1CL-8857 ។ ចំណែកឯរថយន្ដមិនស្គាល់ម៉ាក បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ រត់គេចខ្លួនបាត់ស្រមោល ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុគេបានឃើញជនរងជាអ្នកជិះម៉ូតូធ្វើដំណើរក្នុងទិសដៅពីកើតទៅលិច លើផ្លូវលេខ១១៥ លុះជិះមកដលើចំណុកើតហេតុស្រាប់តែមានរថយន្ដមួយគ្រឿងមិនស្គាល់ម៉ាក បើកបរដោយជនមិនស្គាល់អត្ដសញ្ញាន បានរេចង្កូតមកបុកពីក្រោយពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកជិះម៉ូតូទទួលរងរបួសធ្ងន់តែម្ដង ។ ចំណែកអ្នកបើករបានបើករថយន្ដគេចបាត់ស្រមោល ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីខាងលើនេះគឺបណ្ដាលមកពីអ្នកបើកបររថយន្ដបង្កមិនប្រុងប្រយ័ត្ន ធ្វេសប្រហែស បានជាទៅបុកម៉ូតូបើកនៅខាងមុខយ៉ាងដូច្នេះ ៕ ស្អាងជ័យ


ចែករំលែក៖