ភ្នំពេញ៖ យុវជនមិនស្គាល់អត្តសញ្ញាណម្នាក់ បានដាច់ចិត្តចងកសម្លាប់ខ្លួន ដោយខ្សែនីឡុងជាប់ដើមស្នាយ មិនដឹងមានវិបត្តិអ្វីនោះទេ។
ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃអង្គារ ២កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតតាមផ្លូវបេតុងចំទល់មុខផ្ទះប្រជាពលរដ្ឋក្នុងភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីស្ត្រីម្នាក់ ដែលលក់បាយ និងស៊ុបមីនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ វេលាម៉ោង៤ទៀបភ្លឺ គាត់បានភ្ញាក់ តែមិនទាន់ក្រោកចេញពីដំណេក ឮសូរសំឡេងអ្នកដែលហាត់ប្រាណនិយាយគ្នាថា ឃើញខ្មោចចងក។ សពស្លៀកខោជើងវែង ពណ៌ទឹកក្រូច អាវក្រណាត់ដៃវែងក្រឡាការ៉ូខ្មៅ លាយផ្ទៃមេឃ អាយុប្រហែលជាង២០ សម្បុរខ្មៅ កម្ពស់ប្រហែល1.60ម៉ែត្រ។
ក្រោយពីមានប្រជាពលរដ្ឋបានរាយការណ៍សមត្ថកិច្ចមូលដ្ឋានបានចុះទៅដល់កន្លែង និងបានទាក់ទងទៅផ្នែកជំនាញដើម្បីធ្វើកោលស្យវិច័យ ។ ក្រោយពីធ្វើកោសល្យវិច័យរួច សមត្ថកិច្ចនាញបានឲ្យដឹងថា សពយុវជនខាងលើពិតជាស្លាប់ដោយចងកសម្លាប់ខ្លួនពិតប្រាកដមែន ។ សពត្រូវបានតម្កល់ទុកនៅក្នុងវត្តទួលសង្កែ ដើម្បីរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ អរុណរះ