ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តត្បូងឃ្មុំសហការគ្នាចាប់ជនសង្ស័យ៣នាក់យកឈ្មោះថ្នាក់ដឹកនាំជាន់ខ្ពស់បោកប្រាស់ដើម្បីដំឡើងស័ក្ដិ ផ្ទេរតំណែង

ចែករំលែក៖

ខេត្តត្បូងឃ្មុំ៖ ក្រុមជនខិលខូច៣នាក់ដែលតែងតែយកឈ្មោះថ្នាក់ដឹកនាំទៅ បោកប្រាស់ដើម្បីដំឡើងឋានន្តរស័ក្ដិ ផ្ទេរ តំណែង ឡើងកាំប្រាក់ និងរត់ការផ្សេងៗ ក្នុងជួរមន្ដ្រីរាជការនោះត្រូវបានកម្លាំងនគរបាលខេត្តត្បូងឃ្មុំឃាត់ខ្លួនបាន៣នាក់ ហើយបញ្ជូនទៅសាលាដំបូងខេត្តដើម្បី ផ្ដន្ទាទោសតាមច្បាប់ ។

លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំបានប្រាប់ឲ្យដឹងកាលពីថ្ងៃចន្ទ ១កើត ខែបុស្ស ឆ្នាំរកា នព្វ ស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៧ថា ជនសង្ស័យទាំង៣នាក់ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំនៅ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៧។ បន្ទាប់ពីកម្លាំង នគរបាលខេត្តត្បូងឃ្មុំសហការនគរបាលស៊ើបការណ៍ខាងក្រៅនិងបច្ចេកទេស និង ប្រឆាំងបទល្មើសបច្ចេកវិទ្យានៃអគ្គស្នងការដ្ឋាននគរបាលជាតិចាប់ខ្លួនកាលពីថ្ងៃ១៣ ខែធ្នូនៅភូមិនិគមក្រោម ឃុំស្រឡប់ ស្រុក-ខេត្តត្បូងឃ្មុំ ។

លោកស្នងការបានបញ្ជាក់ថា ជន សង្ស័យខាងលើបានយកឈ្មោះថ្នាក់ដឹក នាំនៅខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន, ក្រសួងមុខងារសាធារណៈ, ក្រសួងមហា ផ្ទៃសម្រាប់រត់ការដំឡើងឋានន្តរស័ក្តិ ផ្ទេរ តំណែង រកបច្ច័យចូលបុណ្យ ឡើងកាំប្រាក់ និងរត់ការផ្សេងទៀត។ ជនសង្ស័យទាំង៣ រួមមាន ទី១-ឈ្មោះ ខន សុម៉ាលី ហៅស្រី ទូច, ទី២-ឈ្មោះ ថា សុផាត ត្រូវជាប្ដី និងទី ៣-ឈ្មោះ ខន សុរិយា ហៅស្រីពៅ ជាប្អូន របស់ឈ្មោះ ខន សុម៉ាលី ជាអ្នកបំផ្លាញ វត្ថុតាង ។

ពួកគេបានប្រើទូរស័ព្ទសម្រាប់ធ្វើសកម្មភាពឆបោកមនុស្សជាច្រើននិងបានប្រើ ទូរស័ព្ទលេខ 092249333, 092615522, 0965520906, 0974465888, 097 2803666, 0978252666 និងលេខ 031 7644448។ បច្ចុប្បន្នកម្លាំងនគរបាលជំនាញកំពុងស្រាវជ្រាវតាមបច្ចេកទេសជំនាញ ដើម្បីតាមចាប់អ្នកពាក់ព័ន្ធករណីនេះបន្ត ទៀត ៕ ហេង សូរិយា


ចែករំលែក៖