ព័ត៌មានទាន់ហេតុការណ៍៖

ទឹកស្អាតប្រជុំជនកំពង់ថ្មបាននិងកំពុងគំរាម កំហែងដល់សុខភាពពលរដ្ឋរហូតដល់ទៅ២ឃុំ

ចែករំលែក៖

ខេត្តកំពង់ធំ៖ ប្រជាពលរដ្ឋរស់នៅឃុំបល្ល័ង្ក និងឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំកើតការព្រួយបារម្ភយ៉ាងខ្លាំងពីបញ្ហាសុខភាព និងបានសំណូមពរដល់ក្រសួងស្ថាប័នពាក់ព័ន្ធជួយត្រួតពិនិត្យស្ថានីយទឹកស្អាត(ប្រជុំជនកំពង់ថ្ម)នេះ ផងដោយពួកគាត់ បានអះអាងថា ស្ថានីយទឹកស្អាតមួយនេះគ្មានអនាម័យ និងបង្កឲ្យប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរ ។ ប្រជាពលរដ្ឋបានលើកឡើងថា ស្ថានីយ ទឹកស្អាតមួយនេះបានបើកដំណើរការជាង ១០ឆ្នាំមកហើយតែអ្វីដែលពួកគាត់មើលឃើញនោះមិនចេះកែទម្លាប់ទាល់តែសោះ។ ប្រភពពីពលរដ្ឋដដែលបានបន្តថា គេតែង តែឃើញស្ថានីយមួយនេះបូមទឹកពីអណ្ដូង និងទឹកស្រះមកស្តុកទុករួចហើយក៏បញ្ចេញ លក់ឲ្យអតិថិជនប្រើប្រាស់និងបរិភោគខ្លះ ដែលគ្មានអនាម័យទាល់តែសោះ។ ចំពោះទឹកស្អាតដែលពួកគាត់ទទួលបាននោះ មានពេលខ្លះល្អក់វ៉ល់ និងធុំក្លិនស្អុយគួរឲ្យ ខ្ពើមទៀតផង ។

បងប្អូនប្រជាពលរដ្ឋនិយាយទៀតថា កន្លងមកពួកគាត់បានផ្ដិតមេដៃដាក់ពាក្យបណ្ដឹងជាច្រើនលើកច្រើនសាមកហើយ តែលទ្ធផលនោះគឺសូន្យឈឹងធ្វើឲ្យពួក គាត់អស់ជំនឿទាំងស្រុងលើអាជ្ញាធរនិង មន្ទីរពាក់ព័ន្ធទាំងនោះ ។

មន្ត្រីសាលាស្រុកស្រុកសុំមិនបញ្ចេញឈ្មោះបានលើកឡើងថា ស្ថានីយទឹកស្អាត ប្រជុំជនកំពង់ថ្ម ស្រុកសន្ទុករបស់លោក នង ណារ៉េត នេះជារឿងពិតដូចប្រជាពល រដ្ឋលើកឡើងប្រាកដមែនទាំងគាត់ផ្ទាល់ក៏ធ្លាប់ជួបដោយខ្លួនឯងដែរ។ លោកបានបន្ត ថា ដោយសារបញ្ហាគ្រប់យ៉ាងគេត្រូវរ៉ូវគ្នា អស់ហើយចាប់តាំងពីថ្នាក់អាជ្ញាធរឃុំរហូត ដល់អាជ្ញាធរស្រុកសន្ទុក និងមន្ត្រីអាជ្ញាធរពាក់ព័ន្ធទៀតផង ដូច្នេះទោះបីប្រជាពល រដ្ឋរាប់ពាន់នាក់ក៏មិនអាចធ្វើអ្វីពួកគេបានដែរ ។

ប្រជាពលរដ្ឋបានអំពាវនាវដល់ក្រសួងឧស្សាហកម្ម និងសិប្បកម្មដែលជាក្រសួង អាណាព្យាបាល និងអគ្គនាយកនៃអគ្គ នាយកទឹកស្អាតកម្ពុជាសូមមេត្តាចាត់មន្ត្រី ចុះត្រួតពិនិត្យជាក់ស្ដែងជាបន្ទាន់ផងបើ មិនដូច្នេះទេសុខភាពរបស់ពួកគាត់មិនដឹងទៅជាយ៉ាងណានោះទេ ។

គួរបញ្ជាក់ថា ឃុំបល្ល័ង្ក និងឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំនេះដោយសារតែ កន្លងទៅថ្នាក់ដឹកនាំ និងអាជ្ញាធរមិនបាន ទទួលខុសត្រូវនិងសុខទុក្ខរបស់ប្រជាពលរដ្ឋនោះទើបការបោះឆ្នោតកន្លងទៅលទ្ធ ផលគឺគ្មានវាចានឹងថ្លែងទាល់តែសោះ ។

ទាក់ទិននឹងភាពអសកម្មទាំងឡាយនេះ សូមថ្នាក់ដឹកនាំខេត្ត និងតំបន់នេះគិតគូរឡើងវិញឲ្យបានរួសរាន់ពីកង្វល់របស់ពលរដ្ឋយើងទាំងអស់គ្នាផងដើម្បីឲ្យស្របតាមគោលការណ៍រាជរដ្ឋាភិបាលក៏ដូចជាសម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលលោកតែងតែបានចាត់ទុកប្រជាពលរដ្ឋជាម្ចាស់នៃយើងទាំងអស់គ្នានោះ ៕ ហេង សូរិយា


ចែករំលែក៖