ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់មកលេងផ្ទះម្តាយដួលលើម្តាយខ្យល់គរស្លាប់

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់ខណៈទៅលេងផ្ទះម្តាយរស់នៅជាមួយប្អូនស្រី ពេលទៅដល់មានអាការវិលមុខក៏បានដួលទៅលើម្តាយសន្លប់ស្តូក ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅដល់មន្ទីរពេទ្យ តែគ្រូពេទ្យប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង១៥នាទីយប់ថ្ងៃពុធ ៣កើតខែបុស្សឆ្នាំរកា ព ស ២៥៦១ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះមានឈ្មោះ ឈឿន សារុំ ភេទប្រុស អាយុ៣៤ឆ្នាំ នៅលីវ មុខរបរនៅផ្ទះ អតីតធ្វើការនៅក្រុមហ៊ុន YAMAHA ស្នាក់នៅផ្ទះជួលភូមិប៉ប្រកខាងជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅស្រុកកណ្តៀង ខេត្តពោធិ៍សាត់ មានបងប្អូន៣នាក់ស្រីម្នាក់ និងប្រុស២នាក់ ហើយជនរងគ្រោះជាកូនច្បង រស់នៅម្នាក់ឯង ។

តាមសម្ដីប្អូនស្រីបង្កើតរបស់ជនរងគ្រោះសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា មុនពេលកើតហេតុបងប្រុសរបស់ខ្លួនស្នាក់នៅផ្ទះជួលតែម្នាក់ឯង រួចនៅថ្ងៃកើតហេតុគាត់មកលេងផ្ទះគាត់ ដែលរស់នៅជាមួយម្តាយក្បែរគ្នានោះ។ពេលមកដល់បងប្រុសនិយាយប្រាប់ម្ដាយថា ដូចជាវិលមុខណាស់ រួចក៏បានដួលទៅលើឥដ្ឋការ៉ូលើម្តាយបង្កើតតែម្តង។ភ្លាមៗនោះសាច់ញាតិបានហៅរថយន្តសង្គ្រោះបង្អែកពោធិ៍ចិនតុងដឹកយកទៅមន្ទីរព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈ តែពេលទៅដល់មន្ទីរពេទ្យ លោកគ្រូពេទ្យប្រាប់ថាជនរងគ្រោះបាន ស្លាប់ទៅហើយ ក៏បានដឹកយកទៅតម្កល់នៅវត្តពោធិ៍ចិនតុង តែក្រុមគ្រួសារមិនអស់ចិត្តហៅសមត្ថកិច្ចជំនាញមកធ្វើកោសលវិច្ឆ័យពិនិត្យឃើញជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់.គប្រាកដមែន ៕ សហការី


ចែករំលែក៖