ព័ត៌មានទាន់ហេតុការណ៍៖

វិភាគអន្តរជាតិ៖ មីយ៉ាន់ម៉ានឹងដោះស្រាយបញ្ហាវិបត្តិជនជាតិរ៉ូហ៊ីងយ៉ាដោយខ្លួនឯង មិនចាំបាច់ប្រេសិត អ. ស. ប. ឡើយ

ចែករំលែក៖

បញ្ហាជនជាតិរ៉ូហ៊ីងយ៉ានៅរដ្ឋរ៉ាឃីន ប្រទេសមីយ៉ាន់ម៉ា នៅតែជាក្តីកង្វល់យ៉ាង ខ្លាំង ពីសហគមន៍អន្តរជាតិដោយខ្លាចក្រុមជនជាតិភាគតិចនោះត្រូវសម្លាប់រង្គាលបន្តិចម្តងៗ រហូតដល់ផុតពូជ។ បើទោះបីរដ្ឋា ភិបាល បានយល់ព្រមឲ្យក្រុមជនជាតិរ៉ូហីុងយ៉ាធ្វើមាតុភូមិនិវត្តន៍មកកាន់ទីកន្លែងដើមវិញនៅរដ្ឋរ៉ាឃីន។

យោងតាមរបាយការណ៍មួយរបស់ អង្គការការពារសិទ្ធមនុស្សឈ្មោះ Human Rights Watch ដោយសំអាងទៅលើរូបភាព តាមផ្កាយរណប ក៏បានគូសបញ្ជាក់ដែរ ថា អំពើហិង្សានានានៅតែបន្តមាននៅក្នុងខែតុលានិងវិច្ឆិកាកន្លងទៅនេះ នៅក្នុងភូមិ ចំនួនជាង៤០កន្លែង របស់ប្រជាជនរ៉ូហ៊ីង យ៉ា ជាទីដែលត្រូវបានពួកទ័ពមីយ៉ាន់ម៉ាធ្វើការដុតបំផ្លាញចោលអស់។

ចំណែក ឯលោក Hussein ស្នងការជាន់ខ្ពស់របស់អ.ស.ប.ទទួលបន្ទុកខាងសិទ្ធិ មនុស្ស វិញក៏ បានគូសបញ្ជាក់កាលពីថ្ងៃ ចន្ទមុនថា” លោកនៅតែមានក្តីមន្ទិលសង្ស័យខ្លាំងណាស់ ថាតើក្រុមអ្នកសង្កេតការណ៍ អន្តរជាតិ នឹងអាចមានលទ្ធភាព ចូលទៅកាន់តំបន់របស់សហគមន៍រ៉ូហ៊ីងយ៉ាដែរឬទេ ពីព្រោះកន្លងមក អាជ្ញាធរមីយ៉ាន់ម៉ាពុំដែលបានបើកការអនុញ្ញាតឲ្យក្រុមអ្នក សង្កេតការណ៍អន្តរជាតិចូលទៅក្នុងតំបន់កើតហេតុនោះឡើយ។

ពាក់ព័ន្ធនឹងករណីនោះដែរ ប្រេសិត ពិសេសរបស់អង្គការសហប្រជាជាតិ លោកស្រីយ៉ាងហ៊ី លី បានថ្លែងឲ្យដឹងនា ថ្ងៃពុធ ទី២០ ខែធ្នូថា រដ្ឋាភិបាលមីយ៉ាន់ម៉ាបានបដិសេធមិនអនុញ្ញាតឲ្យលោកស្រីធ្វើដំណើរទៅកាន់រដ្ឋរ៉ាឃីនដែលគ្រោងធ្វើនៅក្នុងខែមករា ឆ្នាំ ២០១៨ ខាងមុខទេ។ ការសម្រេចចិត្តយ៉ាងដូចនេះរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ាត្រូវបានលោកស្រីលីសន្និដ្ឋានថា ប្រហែលជាមានរឿងរន្ធត់ និងអាក្រក់ កំពុងកើតមាននៅក្នុងរដ្ឋរ៉ាឃីនដែលមីយ៉ាន់ម៉ាចង់លាក់បាំងមិនឲ្យគេដឹង។ តែអ្នកនាំពាក្យរដ្ឋាភិបាលមីយ៉ាន់ម៉ាបានឆ្លើយបក វិញថា លោកស្រីលីធ្វើការលម្អៀង និង មានបំណងអាក្រក់។

ការថ្លែងរបស់លោកស្រីយ៉ាងហ៊ី លីបានធ្វើឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មាន មួយចេញផ្សាយក្នុងថ្ងៃពុធ ទី២០ ធ្នូ។ លោកស្រីលីបានសម្តែងការសោកស្តាយ និងរន្ធត់ខ្លាំងចំពោះការសម្រេចចិត្តរបស់ រដ្ឋាភិបាលមីយ៉ាន់ម៉ា និងថា វាពិតជារឿងគួរឲ្យអាម៉ាស់ខ្លាំងណាស់ដែលមីយ៉ាន់ម៉ាបានជ្រើសយកផ្លូវមួយនេះ។ សម្រាប់ លោកស្រីលី ការបិទផ្លូវមិនទទួល និងមិនសហការណជាមួយលោកស្រីជាតម្រុយ មួយដែរ។

សូមជម្រាបជូនថាកាលពី ២សប្តាហ៍ មុន អ្នកតំណាងរដ្ឋាភិបាលមីយ៉ាន់ម៉ានៅ អង្គការសហប្រជាជាតិបាននិយាយប្រាប់ក្រុមប្រឹក្សាសិទ្ធិមនុស្សអន្តរជាតិថា មីយ៉ាន់ម៉ានៅតែបន្តកិច្ចសហប្រតិបត្តិការជាមួយ អង្គការសហប្រជាជាតិដដែល។ តែពេលនេះបែរជាបានប្តូរចិត្តទៅវិញ។ ការប្តូរចិត្តដែលលោកស្រីលីបានពន្យល់ថា បន្ទាប់ពីលោកស្រីបានធ្វើរបាយការណ៍មួយនៅក្រោយទស្សនកិច្ចរបស់លោកស្រីក្នុង ប្រទេសមីយ៉ាន់ម៉ាកាលពីខែកក្កដា។ យ៉ាងណាក៏ដោយ រដ្ឋាភិបាលមីយ៉ាន់ម៉ា តាមរយៈអ្នកនាំពាក្យបានបញ្ជាក់ពីមូលហេតុមិនទទួលលោកស្រីលីថា មកពី លោកស្រីលីធ្វើការលម្អៀង និងមានបំណង អាក្រក់។

តាមសំណើរបស់លោកស្រីលីក្នុងខែ មីនាកន្លងទៅ ក្រុមប្រឹក្សាសិទ្ធិមនុស្សបានបង្កើតគណៈកម្មការស៊ើបអង្កេតអន្តរជាតិមួយស្តីពីការរំលោភសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ា។ តែរដ្ឋាភិបាលមីយ៉ាន់ម៉ាបានបដិសេធមិនព្រមទទួលក្រុមអ្នកស៊ើបអង្កេតនោះទេ និងតែងរម្លឹកថា គ្មានការរំលោភសិទ្ធិមនុស្សនៅមីយ៉ាន់ម៉ាពិសេសនៅក្នុងរដ្ឋរ៉ាឃីនទេ។ សូមជម្រាបជូនថា តាំងពីទទួលបានអាណត្តិជាប្រេសិតពិសេសអង្គការ សហប្រជាជាតិទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា ក្នុងខែមិថុនា ឆ្នាំ ២០១៤ មក លោកស្រីលីបានទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា ចំនួន ៦ដង និងដែលក្នុងឱកាសទស្សនកិច្ច នោះ រដ្ឋអំណាចមីយ៉ាន់ម៉ាបានរារាំងលោកស្រីមិនឲ្យទៅកាន់តំបន់ខ្លះដោយលើកឡើងពីបញ្ហាសន្តិសុខ។

ពាក់ព័ន្ធនឹងការបញ្ជូន ក្រុមជនជាតិរ៉ូហ៊ីងយ៉ាងពីបង់ក្លាដែស ត្រឡប់មកវិញ ប្រទេស ទាំងពីរ នឹង ចាប់ផ្តើមដឹកបញ្ជូនជនជាតិ ​​ រ៉ូហ៊ីងយ៉ាដែលបានភៀសខ្លួនចេញពីមីយ៉ាន់ម៉ាទៅជ្រកកោននៅបង់ក្លាដែស ឲ្យវិល ត្រឡប់មកមីយ៉ាន់ម៉ាវិញចាប់ពីខែមករា ខាងមុខនេះទៅ។ ក៏ប៉ុន្តែក្តីមន្ទិលសង្ស័យជាច្រើននៅតែបន្តចោទឡើងពាក់ព័ន្ធនឹងបញ្ហាសន្តិសុខរបស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ានៅពេលវិលចូលទៅក្នុងមីយ៉ាន់ម៉ាវិញ។

រដ្ឋមន្ត្រីការបរទេសប្រទេសបង់ក្លាដែសនិងមីយ៉ាន់ម៉ា បានជួបប្រាស្រ័យគ្នាកាលពីម្សិលមិញនៅទីក្រុង Dhaka ក្នុងប្រទេស បង់ក្លាដែស ដើម្បីបញ្ចប់កិច្ចព្រមព្រៀង ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៣ វិច្ឆិកាមុន ស្តីពីការវិលត្រឡប់ដោយស្ម័គ្រ ចិត្តមកកាន់មីយ៉ាន់ម៉ា របស់ជនភៀសខ្លួន រ៉ូហ៊ីងយ៉ាប្រមាណជិតមួយលាននាក់ដែលសព្វថ្ងៃកំពុងរស់នៅក្នុងជំរំជនភៀសខ្លួន ក្នុងប្រទេសបង់ក្លាដែស។

រដ្ឋមន្ត្រីការបរទេសបង់ក្លាដែស បាន ថ្លែងប្រាប់ដល់ក្រុមសាព័ត៌មានដែរថា “ក្រុមការងារថ្មីមួយដែលមានគោលដៅធានា ដល់ការចាប់ផ្តើមមាតុភូមិនិវត្តន៍ ចាប់ពី ខែមករាខាងមុខនេះទៅ នឹងត្រូវរៀបចំ ឡើងនូវប្រតិទិនមួយដើម្បីបន្តការត្រួតពិនិត្យអត្តសញ្ញាណនៃជនភៀសខ្លួនរ៉ូហ៊ីងយ៉ា និងការចាត់ចែងលើការវិលត្រឡប់របស់ពួកគេមកកាន់មីយ៉ាន់ម៉ា វិញ។

ក៏ប៉ន្តែទោះបីជាបង់ក្លាដែសនិងមីយ៉ាន់ម៉ា បានបង្ហាញពីឆន្ទៈរបស់ខ្លួនដូចខាងលើនេះក្តី ក៏មានសំណួរជាច្រើននៅតែចោទឡើងជានិច្ច ពាក់ព័ន្ធពីបញ្ហាសន្តិសុខរបស់ជនភៀសខ្លួនរ៉ូហ៊ីងយ៉ា នៅពេលដែលគេត្រូវវិលត្រឡប់ចូលទៅក្នុងប្រទេសមីយ៉ាន់ម៉ាវិញ ។ ដោយហេតុថា យោងតាម អង្គ ការ គ្រូពេទ្យគ្មានព្រំដែន ប្រជាជនរ៉ូហ៊ីង យ៉ា ជិត ៧០០០នាក់ត្រូវបានយោធាមី យ៉ាន់ម៉ា កាប់សម្លាប់ឥតត្រាប្រណីនៅរវាងចុងខែសីហានិងចុងខែកញ្ញាកន្លងទៅនេះ។ ទន្ទឹមនេះទៀត អ.ស.ប. ក៏ធ្លាប់បានចោទ ប្រកាន់ដែរថា របបមីយ៉ាន់ម៉ាធ្វើការបោសសម្អាតជាតិពិន្ធុ។ ក៏ប៉ុន្តែ រដ្ឋាភិបាលមីយ៉ាន់ ម៉ា វិញ តែងតែ បដិសេធថា គ្មានទេអំពើឃោរឃៅប្រឆាំងទៅលើជនជាតិរ៉ូហ៊ីងយ៉ា និងបានបរិហារទៅលើនយោបាយ និង ភាពលម្អៀងរបស់អង្គការសហប្រជាជាតិ ដែលតែងតែធ្វើការរិះគន់និង ទិតៀន មីយ៉ាន់ម៉ា ជារឿយៗនៅលើបញ្ហាហិង្សា នេះ៕ ម៉ែវ សាធី

 


ចែករំលែក៖