ព័ត៌មានទាន់ហេតុការណ៍៖

បើករថយន្តប្រដេញគ្នាពេញផ្លូវ រេចង្កូតទៅបុកម៉ូតូរួចផ្លោងទៅបុកបង្គោលថ្ម និងដើមឈើ

ចែករំលែក៖

ភ្នំពេញ៖ ជនជាតិ​ចិនពីរ​នាក់​ បានបើក​រថយន្តដេញ​បុក​គ្នាជាមួយរថយន្តមួយគ្រឿងទៀតមិនចាំម៉ាក ហើយរេចង្កូត​ជ្រុល​ទៅបុក​នឹងម៉ូតូ​មួយគ្រឿង​ ដែល​ជិះ​ស្របទិសគ្នា​ចំពីក្រោយ​ពេញ​ទំហឹង និងរុញផ្ទប់​ឡើងលើ​ចិញ្ចើម​ផ្លូវ​ជ្រុលទៅបុក​បង្គោល​ថ្ម​ និង​ដើម​ត្របែក​ព្រៃ​ នៅមុខ​ស្ថាន​ទូត​វៀតណាម​ បាក់អស់​១ថែម​ ទៀត​ ទើប​កល់​រថយន្ត​ទៅមុខ​លែង​រួច​ តែមិនបង្កឲ្យ​មនុស្ស​រងរបួសធ្ងន់ទេ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ​ បាន​កើតឡើង​កាលវេលា​ម៉ោង​១០និង​២០​នាទី​យប់​ ថ្ងៃអាទិត្យ ៧កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧​ ស្ថិតនៅចំណុចមុខស្ថានទូត​វៀតណាម​ តាមបណ្ដោយផ្លូវព្រះ​មុនីវង្ស​ ក្នុងសង្កាត់​ទន្លេបាសាក់​ ខណ្ឌចំការមន​ រាជធានី ភ្នំពេញ ។

បើតាមសម្ដីប្រជាពលរដ្ឋដែលឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើ បានប្រាប់ឲ្យដឹងថា នៅ​មុនពេលកើតហេតុ​ គេបានឃើញ​រថយន្ត​ពីគ្រឿង​ បានបើក​ប្រដេញ​គ្នា​ តាម​ផ្លូវ​ មុនីវង្ស​ ក្នុង​ទិសដៅ​ ពី​ត្បូងទៅជើង​ មិនដឹង​ថាមាន​រឿង​អ្វីនោះទេ​ ដោយ​មួយគ្រឿង​ម៉ាក​ តូយូតា​ព្រុស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2 AM 3410 ជិះ​គ្នា២នាក់​ ជា​ជនជាតិចិន​ និងមួយ​ម៉ាក​ កាម៉ារី​ បាឡែន​ មិន​ចាំ​ស្លាកលេខ​ ខណៈមកដល់​ចំណុច​កើតហេតុ​ ស្រាប់តែ​រថយន្ត​កាម៉ារី​ បាឡែន​ បានបើក​ បំបុក​គូថ​រថយន្ត​ តូយូតា​ព្រុស​ ដែលបើក​ដោយ​ជន​ជាតិ​ចិន​ ពេញ​ទំហឹង​ និង​ធ្វើឲ្យ​រថយន្ត​ ព្រុស​រេចង្កូតជ្រុលទៅ​បុក​និង​ម៉ូតូ​ ម៉ាក​ អាខុន​ ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 1Y 0165 ដែល​ជិះ​ដោយ​បុរស​ ពីរនាក់​ ដែល​ធ្វើ​ដំណើរ​ក្នុងទិសដៅ​ស្របគ្នា​ ចំពី​ក្រោយពេញ​ទំហឹង​ រុញ​ផ្ទប់ឡើង​លើ​ចិញ្ចើមផ្លូវ​ បុកនឹង​បង្គោលថ្ម​ និង​ដើមត្របែកព្រៃ​ បាក់អស់​មួយដើម​ ទើបកល់​រថយន្ត​ ក្រពិត​ផ្នែក​ខាង​មុខ​ ទៅមុខ​លែង​រួច​ តែសំណាងល្អមិនមានគ្រោះថ្នាក់ដល់​មនុស្ស​ដែល​ជិះ​ក្នុង​រថយន្ត​នោះទេ​ ដោយ​ឡែក​ខាង​អ្នកបើក​ម៉ូតូ​ របស់​រលាត់ដៃរលាត់ជើង​ តិចតួច​ មិន​បានទៅ​មន្ទីពេទ្យ​ ។ ចំណែកម៉ូតូ​ រងការខូចខាត​ ខ្ទេចខ្ទី​ ស្ទើរតែ​ទាំង​ស្រុង។

ដោយ​ឡែក​រថយន្ត​ បង្កម៉ាកកាម៉ារី​ បាឡែន​ បានបើក​រថយន្ត​គេច​ខ្លួន​បាត់​ស្រមោល​ ហើយ​ភ្លាមៗនោះដែរ​ អ្នកបើក​បរ​រថយន្ត​ព្រុសត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​យកទៅ​សាកសួរ​ និង​អធិការដ្ធានខណ្ឌ​ចំការមន​ផងដែរ​ ។

ក្រោយ​ពេលកើតហេតុ​ អ្នកបើក​បរ​ ព្រមទាំង​រថយន្ត​ និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​ជំនាញបាន​ចុះ​មក​​វាស់វែង​យកទៅ​រក្សា​នៅ​ការរិយាល័យ​ចរាចរណ៍ជើង​គោក​រាជធានីភ្នំពេញ​ដើម្បី​រង់ចាំ​​ដោះស្រាយ​តាមក្រោយ ៕ សរស្មី


ចែករំលែក៖