ភ្នំពេញ ៖ រថយន្ត ស៊េរី ទំនើប ម៉ាក LAND CRUISER PRADO មួយគ្រឿង បើកបរដោយយុវជម្នាក់ ដែល គេ ស្គាល់ ថា ជា កូនប្រុស របស់ មន្ត្រី ពន្ធដា ដែល មាន ឥទ្ធិពល ម្នាក់ បាន បើករថយន្តក្នុង សភាព ស្រវឹងស្រា ជោគជាំ ទៅបុក រះ បាក់ អស់ របង ថ្ម មួយ ផ្ទាំង ម៉ូតូ ចំនួន២គ្រឿង រឺុម៉កម៉ូតូ មួយគ្រឿង និង ស្ត្រី មាន ផ្ទៃពោះ ចំនួន៨ខែ បាន បណ្តាល ឲ្យ រងរបួស ធ្ងន់ធ្ងរ។ ករណីនេះត្រូវប្រជាពលរដ្ឋ ទប់ កំហឹង មិនបាន ក៏ នាំគ្នា យក ដុំថ្ម គប់ និង វាយ សំពង រថយន្ត មួយ គ្រឿង នោះ បណ្តាលឱ្យ រង ការខូចខាត យ៉ាងដំណំ ភ្លាមនោះដែរ គេឃើញលោក ឪពុករបស់យុវជនបើករថយន្តបង្កហេតុ មកដល់ ធ្វើ អន្តរាគមន៍ និង រំដោះ ឲ្យគេចខ្លួនបាត់ពីកន្លែងកើតហេតុ ។
ហេតុការណ៍ គ្រោះចរាចរណ៍បង្កឲ្យខូចខាតទ្រព្យសម្បត្តិនិងមានអ្នករងរបួសនេះ បាន កើតឡើង កាលពី ល្ងាច ថ្ងៃអាទិត្យ ៧កើត ខែបុស្ស ឆ្នាំរកា ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៧ នៅខាងមុខ ផ្ទះ លេខ ១១Z ផ្លូវ លេខ៤៨៨ ក្នុង សង្កាត់ ផ្សារ ដើមថ្កូវ ខណ្ឌចំការមន ។
ស្ត្រី រងគ្រោះ មានឈ្មោះ ហេង ស្រី មុំ អាយុ២៦ឆ្នាំ មានមុខរ បរជា កម្ម ករ ប្រមូល សំរាម របស់ ក្រុមហ៊ុន ស៊ីន ទ្រី ស្នាក់នៅ ផ្ទះជួល លេខ ១១Z ផ្លូវ លេខ៤៨៨ ក្នុង សង្កាត់ ផ្សារ ដើមថ្កូវ ខណ្ឌចំការមន នាង មាន ផ្ទៃពោះ៨ខែ បាន រងរបួស យ៉ាងធ្ងន់ធ្ងរ។ ម៉ូតូ ដែល រង ការខូចខាត នោះ គឺ ទី១-ម៉ូតូ ម៉ាក ស្គូ ពី ពណ៌ ស ពាក់ ស្លាក លេខ តាកែវ ១I-៩១៤២ មួយគ្រឿង និង ទី២-ម៉ាក ZOOMER-X ពណ៌ ទឹកសមុទ្រ ពាក់ ស្លាក លេខ ភ្នំពេញ ១FW-៩៤០៤ មួយគ្រឿង និង កង់ ចំនួន១គ្រឿង និង បាក់ របង ផ្ទះ របស់ ប្រជាពលរដ្ឋ អស់ ចំនួន ១ផ្ទាំង ផងដែរ។
មុនពេល កើតហេតុ ពួកគាត់ បានឃើញ រថ យន្ត ស៊េរី ទំនើប ម៉ាក LAND CRUISER PRADO ពណ៌ ខ្មៅ ពាក់ ស្លាក លេខ ភ្នំពេញ ២T-៩៦៧៨ មួយគ្រឿង ដែល បើកបរ ដោយ បុរស វ័យ ជាង២០ឆ្នាំ ម្នាក់ តាម បណ្តោយ ផ្លូវ លេខ ៤៨៨ ក្នុងទិសដៅ ពី លិច ទៅ កើត ក្នុង ល្បឿន យ៉ាង លឿន។ លុះ មកដល់ ចំណុច ខាងលើ ដែលជា ផ្លូវ ទាល់ ទៅមុខទៀត មិន រួច នោះ រថយន្ត ម៉ាក LAND CRUISER PRADO ក៏ ឈប់ នៅ ស្ងៀម មួយកន្លែង ដោយ ខ្លាច បង្ក គ្រោះថ្នាក់ ដល់ក្មេងៗ ប្រជាពលរដ្ឋ ដែល រស់នៅ ក្បែរ ខាង ជា ច្រើន រស់នៅ ក្បែរ ខាង នោះ ពួកគាត់ ក៏បាន ដើរ សំដៅទៅ ប្រាប់។ តាម ប្រភព ដដែល បាន ប្រាប់ បន្តទៀតថា ពេលដែល ពួកគាត់ ដើរទៅ គោះទ្វារ ប្រាប់ នោះ តែ បុរស អ្នកបើកបរ រថយន្ត មិនបាន បើកទ្វារ ឬ បើក កញ្ចក់ និយាយ ជាមួយនឹង ពួកគាត់ ឡើយ ដោយសារតែ រូបគេ ស្ថិតនៅក្នុង សភាព ស្រវឹងស្រា យ៉ាង ជោគជាំ និង បាត់បង់ ស្មារតី លែង ដឹង អ្វី ទាំងអស់ ទៅហើយ។ ពេលនោះ ក៏ ស្រាប់តែ បុរស អ្នកបើកបរ រថយន្ត រូបនោះ បានដាក់ លេខ បើក ថយក្រោយ ក្នុង ល្បឿន យ៉ាង លឿន ទៅបុក ស្ត្រី ដែលមាន ផ្ទៃពោះ ម្នាក់ ខាងលើ ដែល កំពុងតែ ឈរ មុខផ្ទះ ដួល រួចហើយ បន្តទៅ បុក និង កិន ម៉ូតូ ទាំង ២គ្រឿង និង កង់ ចំនួន មួយគ្រឿង ទៀត តែម្តង។
ប្រជាពលរដ្ឋ ជាច្រើន អ្នក ដែល នៅក្បែរ កន្លែងកើតហេតុ ផ្ទុះ កំហឹង នាំគ្នា យក ដំ ថ្ម និង ដំបង ទៅ វាយកម្ទេច រថយន្ត មួយគ្រឿង នោះ បណ្តាល ឲ្យ រង ការខូចខាត យ៉ាងដំណំ ផងដែរ ចំណែកឯ បុរស អ្នកបើកបរ នៅ អង្គុយ ក្នុង រថយន្ត ចាក់សោ ខាងក្នុង ជាប់ មិន ហ៊ាន ចេញ ក្រៅ ឡើយ។ ក្រោយពេល កើតហេតុ ស្ត្រី មាន ផ្ទៃពោះ៨ខែ រងគ្រោះ ត្រូវបាន ក្រុមគ្រួសារ បញ្ជូន យកទៅ ធ្វើការ សង្គ្រោះ នៅ មន្ទីរពេទ្យ ហើយ កម្លាំង មាន សម្ថ កិច្ច មូលដ្ឋាន រួមទាំង ឪពុក របស់ បុរស ជា អ្នកបើករថយន្ត ដែល គេ បាន ដឹងថា ជា មន្ត្រី ពន្ធដា ដ៏ មាន ឥទ្ធិពល ម្នាក់ បាន ចុះ មកដល់ កន្លែងកើតហេតុ និង ធ្វើ ការរំដោះ រូប កូន យក ចេញទៅ បាត់ស្រមោល។ ដោយ ទុក តែ រថយន្ត បង្ក និង កូនចៅ រួមទាំង កម្លាំង មាន សមត្ថកិច្ច មូលដ្ឋាន នាំគ្នា ព្យាយាម ដោះស្រាយ ដោយស្ងាត់ៗជាមួយនឹង ក្រុមគ្រួសារ របស់ ស្ត្រី រងគ្រោះ ម្ចាស់ ម៉ូតូ ទាំង២គ្រឿង និង កង់ ចំនួន១គ្រឿង រួមទាំង ម្ចាស់ផ្ទះ ដែល បាក់ របង មួយ ផ្ទាំង ប៉ុណ្ណោះ៕ ស រស្មី