ភ្នំពេញ៖ ស្របពេលមានការព្រួយបារម្ភលើវិស័យកាត់ដេរក្នុងព្រះរាជាណាចក្រកម្ពុជា គ្រាដែលសហគមន៍អឺរ៉ុប និងសហរដ្ឋអាមេរិកបានព្រមានព្យួរអនុគ្រោះពន្ធលើការនាំចេញផលិតផលវាយនភណ្ឌ តែើតាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងសមាគមរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងកម្ពុជា ហៅកាត់ថា GMAC បានបញ្ជាក់ថា ផលិតផលវាយនភណ្ឌកម្ពុជាមានអ្នកបញ្ជាទិញរួចហើយនៅក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៨ខាមុខ។
លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាបានឲ្យដឹងថា ការនាំចេញធំរបស់កម្ពុជាជាផលិតផលក្នុងវិស័យវាយនភណ្ឌ ដូចនេះកម្ពុជាបានបន្តស្វះស្វែង រកទីផ្សារអន្តរជាតិផ្សេងទៀតដើម្បីជំរុញ ឲ្យការនាំចេញវិស័យមួយនេះកាន់តែទូលំទូលាយបន្ថែមទៀត ។
លោករដ្ឋមន្ត្រីបានបន្តថា ក្រសួងពាណិជ្ជកម្មបានដាក់សំណើទៅរាជរដ្ឋាភិបាល ដើម្បីឲ្យបង្កើនទំនាក់ទំនងបន្ថែមជាមួយ បណ្ដាប្រទេសអ្នកបញ្ជាទិញធំៗបន្ថែមទៀត។ ក្នុងឆ្នាំ២០១៨ខាងមុខនេះផលិតផលវាយនភណ្ឌរបស់កម្ពុជាយើងមានអ្នកបញ្ជាទិញរួចរាល់ហើយ។ ដូចនេះយើងមិនមានការព្រួយបារម្ភណាមួយចំពោះមុខទេ ហើយយើងនឹងជំរុញឲ្យការផលិតរបស់យើងកាន់តែមានភាពទូលំទូលាយ និង ប្រកបដោយគុណភាពសម្រាប់ផ្ដល់ជូន អ្នកបញ្ជាទិញរបស់យើង ។
លោកឧកញ៉ា វ៉ាន់ ស៊ូអៀង ប្រធាន សមាគមរោងចក្រកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងកម្ពុជាបានឲ្យដឹងថា នៅក្នុងឆ្នាំ២០១៧ការនាំចេញផលិតផលវាយន ភណ្ឌកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិមាន កំណើនប្រមាណ៨ភាគរយដែលជាលទ្ធ ផលមួយគួរឲ្យកោតសរសើរ។ ដោយឡែក នៅក្នុងឆ្នាំ២០១៨ខាងមុខនេះនៅពាក់ កណ្ដាលឆ្នាំដំបូងវិស័យមួយនេះនឹងមានភាពល្អប្រសើរដដែល ព្រោះអ្នកបញ្ជាទិញនៅក្រៅប្រទេសបានបញ្ជាទិញរួចហើយ។
លោកឧកញ៉ាបានបន្ដថា «នៅក្នុងអំឡុងខែមីនាដល់ខែឧសភាយើងមានការបញ្ជាទិញច្រើនពីក្រៅប្រទេស ហើយយើងនឹងខិតខំផលិតជូនអ្នកបញ្ជាទិញរបស់យើងឲ្យបានទាន់ពេលវេលា ប៉ុន្តែនៅឆមាសទី២ ឆ្នាំ២០១៨យើងមិនទាន់មានការបញ្ជាទិញនៅឡើយទៅលើផលិតផលវាយនភណ្ឌ។ ទោះជាយ៉ាងណាយើងនៅតែមានក្តីរំពឹងថា វិស័យកាត់ដេរកម្ពុជានឹងនៅតែល្អ ប្រសើរពេញមួយឆ្នាំ២០១៨» ។
លោកឧកញ៉ាបានបន្តទៀតថា នៅក្នុង ឆ្នាំ២០១៨ខាងមុខនៅមិនទាន់ដឹងថា មាន ការនាំចេញបានប៉ុន្មានទេក៏ប៉ុន្តែក្នុងពេញ មួយឆ្នាំ២០១៧នេះការនាំចេញក៏ដូចជាការបញ្ជាទិញពីក្រៅប្រទេសមានទំហំទឹកប្រាក់ប្រមាណ៧,៦ប៊ីលានដុល្លារអាមេរិកដែល មានកំណើន៧ទៅ៨ភាគរយធៀបនឹងឆ្នាំ ២០១៦។ ទន្ទឹមនឹងនោះដែរកម្ពុជាក៏បានស្វះស្វែងរកទីផ្សារថ្មីៗបន្ថែមទៀតសម្រាប់វិស័យវាយនភណ្ឌ។ ជាក់ស្ដែងកាលពីពេល ថ្មីៗនេះកម្ពុជាបានដាក់សំណើទៅបណ្ដាប្រទេសសហគមន៍អាស៊ីអឺរ៉ុបដែលមាន ប្រទេស៥ដើម្បីផ្ដល់ការអនុគ្រោះពន្ធ សម្រាប់នាំចេញ ។
លោកឧកញ៉ាបានបន្ថែមថា បើសិនជាមានការអនុគ្រោះពន្ធពីបណ្ដាប្រទេសទាំង ៥ក្នុងសហគមន៍អាស៊ីអឺរ៉ុបនោះវានឹងផ្ដល់អត្ថប្រយោជន៍ច្រើនដល់កម្ពុជា ព្រមទាំងនាំវិនិយោគិនបរទេសបន្ថែមទៀតមក បណ្ដាក់ទុន ជាពិសេសវានឹងផ្ដល់ការងារ បន្ថែមដល់ពលរដ្ឋកម្ពុជាផ្ទាល់តែម្ដង ។
សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះក្រុម ហ៊ុនបញ្ជាទិញដ៏ធំរបស់សហរដ្ឋអាមេរិក Walmart បានផ្ញើលិខិតមួយទៅកាន់រដ្ឋ មន្ត្រីក្រសួងការងារពីការរំពឹងទុករបស់ខ្លួន លើការបញ្ជាទិញផលិតផលពីកម្ពុជា។ នៅ ក្នុងលិខិតនោះបានបញ្ជាក់ថា កម្ពុជាជា ប្រភពទីផ្សារចម្បងរបស់ខ្លួន។ ក្រុមហ៊ុនដ៏ ធំមួយនេះបានបញ្ជាក់ថា នៅឆ្នាំ២០១៨ ខ្លួនសង្ឃឹមថា នឹងចាប់ផ្ដើមនាំចូលផលិត ផលធ្វើដំណើរ (Travelling Bags) ដូចជា កាបូប និងវ៉ាលិសជាដើម ។
ក្រុមហ៊ុននេះបានបញ្ជាក់ថា កំណើននៃការនាំចេញរបស់ខ្លួននៅប្រទេសកម្ពុជា អាស្រ័យលើបរិយាកាសពាណិជ្ជកម្មរឹងមាំមួយ។ ស្ថិរភាពភាពអាចព្យាករបាន និងនីតិ រដ្ឋបង្កើតជាមូលដ្ឋានមួយនៃការចូលរួមធ្វើពាណិជ្ជកម្មនៅជុំវិញពិភពលោក និង អនុញ្ញាតឱ្យក្រុមហ៊ុន Walmart ប្ដេជ្ញាចិត្ត និងវិនិយោគទុនក្នុងវិស័យទីផ្សាររយៈពេល យូរអង្វែង ៕ ហេង សូរិយា