ព័ត៌មានទាន់ហេតុការណ៍៖

ផឹកស្រារហូតដល់វង្វេងស្មារតីរត់ចេញពីផ្ទះច្រើនថ្ងៃ ដល់ប្រទះឃើញលង់ទឹកស្លាប់ សពហើមស្អុយទៅហើយ

ចែករំលែក៖

ខេត្តតាកែវ៖ សាកសពបុរសដែលជាមនុស្សញៀនស្រាម្នាក់ ត្រូវបានគេប្រទះឃើញអណ្តែតនៅចំណុចរណេលទឹកបឹង ភូមិក្រោម ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ បន្ទាប់ពីជនរងគ្រោះបានវង្វេងរត់ចេញពីផ្ទះ ដែលហេតុការណ៍នេះកើតឡើងនឹងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីថ្ងៃសៅរ៍ ១៣កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧។

យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកទ្រាំង បានឲ្យដឹងថា ជនរងគ្រោះឈ្មោះអ៊ិន សារិទិ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិតាបួ៑ ឃុំពេជ្រសា ស្រុកកោះអណ្តែត ខេត្តតាកែវ មានមុខរបរកសិករ។

របាយការណ៍ដដែលបានបន្តទៀតថា ជនរងគ្រោះជាមនុស្សញៀនស្រា ចេះតែមានការភ័យខ្លាច វង្វេងរត់ចេញពីផ្ទះចោលប្រពន្ធតាំងពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៧ ហើយនៅមុនពេលកើតហេតុ ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ មានគេប្រទះឃើញជនរងគ្រោះដើរពុំមានស្លៀកពាក់ខោអាវរួចទៅចុះមុជទឹកនៅកន្លែងកើតហេតុ។

កម្លាំងផ្នែកជំនាញបានសហការជាមួយការិយាល័យបច្ចេកទេសចុះស្រាវជ្រាវ ដោយមានការចូលរូមពីលោកគ្រូពេទ្យជំនាញបានធ្វើកោសល្យវិច័យសាកសពជំនាញសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយការលង់ទឹកប្រាកដមែន ៕ ភ្នំដា

 


ចែករំលែក៖