ព័ត៌មានទាន់ហេតុការណ៍៖

មនុស្ស​ប្រុស​ស្រី​ជិត១០នាក់​រងរបួស​ក្នុង​ហេតុការណ៍​ឆេះ​ផ្ទុះ​កាំជ្រួចអបអរសាទរ​ឆ្នាំ​ថ្មី ឆ្នាំ​សកល២០១៨

ចែករំលែក៖

ខេត្តកែប៖ ​មនុស្ស​ប្រុស ​ស្រី​ជិត១០នាក់ បាន​រងរបួស​ក្នុង​ហេតុការណ៍​ឆេះ​ផ្ទុះ​កាំជ្រួច ដែល​អាជ្ញាធរខេត្ត​កែប គ្រោង​បាញ់​សម្រាប់​អបអរសាទរ​ឆ្នាំ​ថ្មី ឆ្នាំ​សកល២០១៨ ​នៅវេលា​ម៉ោង១១យប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ នៅ​ចំណុច​ឆ្នេរកែប ខេត្តកែប។

អាជ្ញាធរខេត្ត​កែប បានរៀបចំ​ពិធី​ឆ្លង​ឆ្នាំ២០១៧ ឈាន​ចូលឆ្នាំថ្មី២០១៨ នៅ​ឆ្នេរកែប ពី​ចំណុច​ផ្សារ​ក្ដាម ដល់​ឆ្នេរ​ថ្មី ដោយមាន​ប្រជាពលរដ្ឋ​មកពី​គ្រប់ទិសទី​ប្រមាណ​ជាង១០ម៉ឺន​នាក់ ចូលរួម​អបអរ និង​កម្សាន្ត​សប្បាយ​ក្នុង​កម្មវិធីផ្សេង លុះនៅវេលា​ម៉ោង​ប្រមាណ១១យប់ ដោយមាន​ករណី​ឆេះ​កាំជ្រួច ដែល​អាជ្ញាធរ​គ្រោង​បាញ់​អបអរសាទរ​ឆ្នាំ​ថ្មី នៅ​ឆ្នេរកែប បណ្ដាល​ឲ្យ​មនុស្ស៨នាក់ (ស្រី៣នាក់) រងរបួស​រលាកស្រាល ត្រូវបាន​បញ្ជូនទៅ​លាង​របួស​នៅ​មន្ទីរពេទ្យ​ខេត្ត​កែប ហើយ​ចាកចេញ​ទៅផ្ទះ​វិញ​អស់ហើយ។

អាជ្ញាធរ​បាន​ប្រើ​ឡានទឹក៤គ្រឿង ដើម្បី​អន្តរាគមន៍​ពន្លត់ភ្លើង​ដែល​ឆេះ ដោយ​ប្រើប្រាស់​ទឹក​អស់១០ឡាន ក្នុងនោះ មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​នគរបាល​ខេត្ត​ចំនួន៣គ្រឿង ប្រើ​អស់​ទឹក៩ឡាន និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​មន្ទីរ​ប​រិ​ស្ថាន​ខេត្ត១គ្រឿង ប្រើ​ទឹក​អស់១ឡាន ទើប​រលត់​ជា​ស្ថាពរ​នៅវេលា​ម៉ោង១៖៣០នាទី រំលងអាធ្រាត្រ​ចូល​ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ៕


ចែករំលែក៖