ភ្នំពេញ៖ ទួលកាត់ទទឹងផ្លូវបេតុង នៅក្នុងបុរីនានាខណ្ឌដង្កោបានធ្វើខ្ពស់ៗហួសហេតុ នាំឲ្យបង្កគ្រោះដល់អ្នកធ្វើដំណើរឆ្លងកាត់ ជាពិសេសសម្រាប់ពលរដ្ឋអ្នកជិះម៉ូតូ បណ្តាលឲ្យដួលនៅពេលគាត់ជិះលឿនហើយមិនបានប្រុងប្រយ័ត្ន។ វាជាការពិតណាស់សម្រាប់ម្ចាស់លំនៅឋានក្នុងបុរីធ្វើទួលកាត់ទទឹងផ្លូវ ប្រយោជន៍ការពារកុំឲ្យជិះម៉ូតូលឿន បើកបររថយន្ត បន្ថយល្បឿន ដើម្បីការពារដល់កូនចៅរបស់គាត់ម្ចាស់ផ្ទះនៅក្នុងបុរីរត់លេង ឬដើរឆ្លងកាត់បង្កាគ្រោះថ្នាក់ ក៏ប៉ុន្តែក៏មិនត្រូវធ្វើទួលខ្ពស់ហួសច្បាប់កំណត់នោះទេ។ តែផ្ទុយទៅវិញបើធ្វើខ្ពស់បែបនេះហើយបើក្នុងករណីបង្កគ្រោះថ្នាក់ដល់អាយុជីវិតដល់ពលរដ្ឋធ្វើដំណើរឆ្លងកាត់ សួរថា តើអ្នកណាចេញមុខទទួលខុសត្រូវ?។
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានបញ្ជាក់ប្រាប់តាមទូរស័ព្ទកាលព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ថា បញ្ហាបើនៅលើផ្លូវសាធារណៈនោះវាជាភារកិច្ចរបស់សាធារណការ តែចំពោះនៅក្នុងបុរីនោះវិញ គឺភារកិច្ចរបស់អាជ្ញាធរខណ្ឌ។ លោកថា តាមពិតគេអាចធ្វើទួលកាត់ទទឹងផ្លូវបាន តែកុំធ្វើខ្ពស់ពេក។ តែនេះជាភារកិច្ចអាជ្ញាធរខណ្ឌត្រូវចុះណែនាំដល់ម្ចាស់បុរីកុំឲ្យធ្វើខ្ពស់ៗពេក យើងអាចធ្វើជម្រាលបន្តិចកុំឲ្យគ្រោះថ្នាក់។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ លោក ម៉ុក ពុទ្ធា នាយករដ្ឋបាលខណ្ឌដង្កោ ក៏បានលើកឡើងថា កន្លងមកខាងអាជ្ញាធរខណ្ឌបានណែនាំដល់ម្ចាស់បុរីចូលរួមសហការជាមួយអាជ្ញាធរខណ្ឌ ហើយពាក្យថា សហការគឺសំដៅលើគ្រប់បែបយ៉ាងរួមទាំងការងារសន្តិសុខ ការងារសណ្តាប់ធ្នាប់សាធារណៈជាដើម។
ចំពោះបញ្ហានេះគឺខណ្ឌមានសាធារណការរបស់ខណ្ឌ បើគាត់ធ្វើអ្វីៗមិនដែលប្រាប់ដល់អាជ្ញាធរសោះ មិនដឹងថា គាត់អាងស្អី។ ទោះបីជាយ៉ាងនេះក្តីលោក ម៉ុក ពុទ្ធា នាយករដ្ឋបាលខណ្ឌដង្កោថា នឹងមន្ត្រីជំនាញសាធារណការចុះពិនិត្យមើលបញ្ហានេះហើយ ធ្វើជម្រាលទាបនិងលាបថ្នាំពណ៌ជាសញ្ញាសម្គាល់៕ តាឡឹម