ខេត្តកែប៖ មនុស្សប្រុស ស្រីជិត១០នាក់ បានរងរបួសក្នុងហេតុការណ៍ឆេះផ្ទុះកាំជ្រួច ដែលអាជ្ញាធរខេត្តកែប គ្រោងបាញ់សម្រាប់អបអរសាទរឆ្នាំថ្មី ឆ្នាំសកល២០១៨ នៅវេលាម៉ោង១១យប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចឆ្នេរកែប ខេត្តកែប។
អាជ្ញាធរខេត្តកែប បានរៀបចំពិធីឆ្លងឆ្នាំ២០១៧ ឈានចូលឆ្នាំថ្មី២០១៨ នៅឆ្នេរកែប ពីចំណុចផ្សារក្ដាម ដល់ឆ្នេរថ្មី ដោយមានប្រជាពលរដ្ឋមកពីគ្រប់ទិសទីប្រមាណជាង១០ម៉ឺននាក់ ចូលរួមអបអរ និងកម្សាន្តសប្បាយក្នុងកម្មវិធីផ្សេង លុះនៅវេលាម៉ោងប្រមាណ១១យប់ ដោយមានករណីឆេះកាំជ្រួច ដែលអាជ្ញាធរគ្រោងបាញ់អបអរសាទរឆ្នាំថ្មី នៅឆ្នេរកែប បណ្ដាលឲ្យមនុស្ស៨នាក់ (ស្រី៣នាក់) រងរបួសរលាកស្រាល ត្រូវបានបញ្ជូនទៅលាងរបួសនៅមន្ទីរពេទ្យខេត្តកែប ហើយចាកចេញទៅផ្ទះវិញអស់ហើយ។
អាជ្ញាធរបានប្រើឡានទឹក៤គ្រឿង ដើម្បីអន្តរាគមន៍ពន្លត់ភ្លើងដែលឆេះ ដោយប្រើប្រាស់ទឹកអស់១០ឡាន ក្នុងនោះ មានរថយន្តពន្លត់អគ្គិភ័យរបស់នគរបាលខេត្តចំនួន៣គ្រឿង ប្រើអស់ទឹក៩ឡាន និងរថយន្តពន្លត់អគ្គិភ័យរបស់មន្ទីរបរិស្ថានខេត្ត១គ្រឿង ប្រើទឹកអស់១ឡាន ទើបរលត់ជាស្ថាពរនៅវេលាម៉ោង១៖៣០នាទី រំលងអាធ្រាត្រចូលថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ៕