ភ្នំពេញ៖ រថយន្តធុនធំម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿង បុករះម៉ូតូ៣គ្រឿង រួមមានម៉ូតូសង់សេ១២៥ ចំនួន១គ្រឿង និងម៉ាក Zoomer-X ចំនួន២គ្រឿង បណ្តាលឲ្យកិនបុរសម្នាក់ស្លាប់ជាប់ក្រោមកង់រថយន្តធ្លាយខួរស្លាប់យ៉ាងរន្ធត់បំផុត និងមនុស្ស៣នាក់ទៀតរងរបួសធ្ងន់និងស្រាល ដោយក្នុងនោះមាន២នាក់ធ្ងន់ និងម្នាក់ស្រាល ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃអាទិត្យ ១៤កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅចំណុចលើស្ពានព្រះមុន្នីវង្សចាស់ ក្នុងភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់នេះមានឈ្មោះ ធាន ដាវុទ្ធ ភេទប្រុស អាយុ៤២ឆ្នាំ ស្នាក់នៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក និងប្រពន្ធរបួសស្រាល។ ចំណែកឯមនុស្ស២នាក់ទៀត (ជាម្ចាស់ម៉ូតូZoomer-X ទាំង២គ្រឿង) របួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុផ្ទាល់បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធដែលជិះម៉ូតូម៉ាក សង់សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AX-3994 បានជិះចេញមកពីផ្ទះបងប្អូននៅម្តុំបឹងស្នោរ ធ្វើដំណើរឆ្លងកាត់ស្ពានខាងលើ ក្នុងបំណងត្រឡប់ទៅផ្ទះនៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
ចំណែកម៉ូតូ២គ្រឿងទៀតម៉ាក Zoomer-X ក្នុងនោះ១គ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1FY-7952 និងមួយគ្រឿងមិនចាំស្លាកលេខ ជិះម្នាក់ឯង ធ្វើដំណើរស្របទិសគ្នាពីកើតទៅលិច លុះដល់ចំណុចស្ពានព្រះមុន្នីវង្សចាស់ ស្រាប់តែមានរថយន្តធុនធំ ខាងលើម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 3A-3336 ជាប្រភេទរថយន្តដឹកត្រី ជិះក្នុងល្បឿនលឿន មកបុករះម៉ូតូទាំង៣គ្រឿង ជាបន្តបន្ទាប់ រហូតបណ្តាលឲ្យកិនបុរសអ្នកជិះម៉ូតូសង់សេ១២៥ បែកក្បាលធ្លាយខួរស្លាប់ជាប់ក្រោមកង់រថយន្ត ចំណែកប្រពន្ធដែលជិះពីក្រោយខ្ទាតចេញពីលើម៉ូតូរបួសស្រាល និងបណ្តាលឲ្យមនុស្ស២នាក់ទៀតដែលជិះម៉ូតូZoomer-X ទាំង២គ្រឿង របួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ រីឯអ្នកបើកបររថយន្តបង្កវិញ ត្រូវបានសមត្ថកិច្ចនគរបាលចរាចរណ៍ដែលឈរជើងនៅទីនោះឃាត់ខ្លួនបានភ្លាមៗបញ្ជូនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌចំការមន ផងដែរ។
យោងតាមការសាកសួរពីសំណាក់សមត្ថកិច្ច អ្នកបើកបររថយន្តបង្កឈ្មោះ ឡាយ សុផាត ភេទប្រុស អាយុ៤១ឆ្នាំ ស្នាក់នៅផ្ទះជួល ផ្លូវ៣៦៩ ភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ មានស្រុកកំណើតនៅភូមិស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង បានឲ្យដឹងថា មុនពេលកើតហេតុ គាត់បានបើករថយន្តខាងលើដឹកធុងត្រី ចេញពីយឿត្រី នៅផ្សារច្បារអំពៅ ក្នុងបំណងយកទៅឲ្យគេនៅកោះធំ ដោយបានធ្វើដំណើរឆ្លងកាត់ស្ពានព្រះមុន្នីវង្សចាស់ពីកើតទៅលិច ខណៈដែលធ្វើដំណើរបានដល់ពាក់កណ្តាលស្ពាន ស្រាប់តែរថយន្តគាត់បានដាច់ហ្វ្រាំង គាប់ជួនរថយន្តចុះចំណោតផងនោះក៏ជ្រុលទៅបុករះម៉ូតូជនរងគ្រោះទាំង៣គ្រឿង ដែលកំពុងជិះនៅខាងមុខ បណ្តាលឲ្យកិនជនរងគ្រោះស្លាប់និងរបួសបែបនេះតែម្តង។
ក្រោយកើតហេតុ សមត្ថកិច្ចបានវាស់វែង នាំយករថយន្តបង្ក និងម៉ូតូទាំង៣គ្រឿង រួមនិងអ្នកបើកបររថយន្តបង្កខាងលើ បញ្ជូនទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់បន្តទៀត ។ ចំណែកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុ ប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕ ភារ៉ា ដង្កោ