ខេត្តបន្ទាយមានជ័យ៖ នាយទាហានម្នាក់មានមុខងារ ជាមេបញ្ជាការរងយោធាការពារព្រំដែនលេខ៥០៥ ត្រូវបានរថយន្តបុកស្លាប់នៅយប់ថ្ងៃឆ្លងឆ្នាំសកល ខណៈដែលជនរងគ្រោះបានបើកម៉ូតូនៅលើផ្លូវជាតិតែម្នាក់ឯង ដោយរងការបុកពីរថយន្តមិនស្គាល់អត្តសញ្ញាណ។
គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៦ ត្រង់ចំណុចស្ពានទី៥ ស្ថិតក្នុងភូមិភ្នៀត សង្កាត់ភ្នៀត ក្រុងសរីសោភ័ណ ខេត្តបន្ទាយមានជ័យ វេលាម៉ោង៥ និង២០នាទី ថ្ងៃអាទិត្យ១៤ កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ ។
លោកវរសេនីយ៍ឯកសន គឹមសួគ៌ នាយការិយាល័យនគរបាលចរាណ៍ផ្លូវគោកខេត្ត បន្ទាយមានជ័យបានឲ្យដឹងថា៖ ជនរងគ្រោះឈ្មោះឃឹម នល់ ភេទប្រុស អាយុ៦១ឆ្នាំ រស់នៅភូមិរំចេក ឃុំស្រះជីក ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នបម្រើការងារមានតួនាទីជាមេបញ្ជាការរងយោធាការពារព្រំដែនលេខ៥០៥ចំណុះ អង្គភាពតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យ ឈរជើងនៅភ្នំដងរ៉ែក ស្រុកថ្មពួក។
លោកនាយការិយាល័យបានបញ្ជាក់ថា៖មុនពេលកើតហេតុ ជនរងគ្រោះបានជិៈម៉ូតូដោយមិនពាក់មួយសុវត្ថិភាព បើកបរក្នុងទិសដៅពី កើតទៅលិចលុះធ្វើដំណើរមកដល់ចំណុចកើតហេតុ មានរថយន្ត១គ្រឿងមិនស្គាល់ម៉ាកបានបុកម៉ូតូជនរងគ្រោះ រួចម៉ូតូបានជ្រុលទៅបុកគោយន្តកន្ត្រៃ ធ្វើដំណើរស្របទិសគ្នា បណ្តាលឱ្យជនរងគ្រោះខ្ទាតចូលរថយន្ត១គ្រឿងទៀត បណ្តាលឲ្យកិនស្លាប់នៅនឹងកន្លែងតែម្តង រថយន្តបង្កហេតុប់ករត់គេចអស់ សមត្ថកិច្ចឃាត់បានតែគោយន្តប៉ុណ្ណោះ។
មូលហេតុ ដោយសាររថយន្តបង្កបើកមានល្បឿនលឿន បើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ជ្រុលបុកម៉ូតូជនរងគ្រោះតែម្តង។ សពជនរងគ្រោះក្រោយសមត្ថកិច្ចបានវាស់វែងតាមការងារជំនាញសមត្ថកិច្ច បានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ដោយឡែករថយន្តបង្កសមត្ថកិច្ចកំពុងតាមដានស្រាវជ្រាវស៊ើបអង្កេតស្វែងរកចាប់រថយន្តបង្កទាំងនោះហើយ ៕ សំ វិច្ឆិកា