ខេត្តរតនគិរី៖ លោកស្រី កែវ ដាវី ស្នងការរងនគរបាលខេត្តរតនគិរីទទួលបន្ទុក ផ្នែកជួញដូរ និងការពារអនីតិជនបានថ្លែងថា ករណីដែលអាណាព្យាបាលកុមារជន ជាតិដើម២នាក់ចោទប្រកាន់ថា លោក មាស សោភ័ណ្ឌ ជាមន្ត្រី…
នគរបាលស្រុកអូរ យ៉ាដាវបានលួងលោមកូនស្រីទៅរំលោភនៅផ្ទះសំណាក់យីហៅម៉េងលីននោះជា រឿងមិនពិតនោះទេពោលវាជារឿងយល់ច្រឡំតែប៉ុណ្ណោះ ។
លោកស្រីបានបន្តថា ដោយសាររឿង នេះមិនមែនជាបទល្មើសជក់ស្តែងលោកស្រីបានកោះហៅជនរងគ្រោះទាំង២នាក់ មកសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តរតនគិរីហើយ និងរង់ចាំសេចក្តីសម្រេចត្រឡប់មកវិញ ។
ទោះជាយ៉ាងណាលោកស្រីស្នងការ រងខេត្តបានទទួលស្គាល់ថា លោក មាស សោភ័ណ្ឌ ពិតជាបាននាំយកក្មេងស្រីទាំង ២នាក់ទៅជាមួយមែន ព្រោះជាសាច់ញាតិនឹងគ្នាលោកស្រីអះអាងថា ពេលនាំទៅ នោះលោក មាស សោភ័ណ្ឌ យកក្មេងទាំង ២នាក់ទៅទិញអីវ៉ាន់តែប៉ុណ្ណោះ។ ដោយ មានការយល់ច្រឡំទើបម្តាយឪពុកជនរងគ្រោះប្តឹងសមត្ថកិច្ចតែម្តងទៅ ។
លោកស្រីស្នងការបន្ថែមថា ករណីនេះ មន្ត្រីជំនាញរបស់លោកស្រីមិនបានយក កុមារីរងគ្រោះទាំង២នាក់ទៅពិនិត្យស្លាកស្នាមថាពិតជាមានការចាប់រំលោភ ឬមិនមាននោះទេដោយលោកស្រីគ្រាន់តែបញ្ជាក់ ថា បច្ចុប្បន្នកូនៗជនជាតិដើមភាគតិច អាយុជាង១០ឆ្នាំចេះអីៗគ្នាអស់ហើយ ។
យោងតាមប្រភពពីមន្ត្រីសមត្ថកិច្ចខេត្តរតនគិរីបានបង្ហើបប្រាប់ក្រុមអ្នកសារព័ត៌មានថា ករណីរំលោភនេះត្រូវបានលោក មាស សោភ័ណ្ឌ សងសំណងជំងឺចិត្តទៅ ឲ្យឪពុកម្តាយជនរងគ្រោះចំនួន១២.០០០ ដុល្លារដើម្បីសុំឱ្យដកពាក្យបណ្ដឹងនិងបញ្ចប់រឿងហើយ ។
យោងតាមការបញ្ជាក់របស់ម្តាយឪពុកជនរងគ្រោះបានឱ្យដឹងថា កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧កន្លងទៅកូនស្រីពួកគាត់ ទាំង២នាក់បានបាត់ពីផ្ទះទើបធ្វើឱ្យមានការឆោឡោដើររកក្នុងភូមិតែរកមិនឃើញ។ លុះដល់ម៉ោងប្រមាណ១០យប់ថ្ងៃដដែលទើបរកឃើញពួកគេទាំង២នៅភូមិប៉ក់តូច ដែលមានចម្ងាច២គីឡូម៉ែត្រពីផ្ទះគាត់ ។
ពួកគាត់បានបន្ដថា ក្រោយពីរកឃើញ កូនពួកគាត់បានសួរនាំពីដំណើររឿងស្រាប់តែធ្លាយចេញរឿងលោក មាស សោភ័ណ្ឌ មន្ត្រីនគរបាលស្រុកអូរយ៉ាដាវលួងលោម ថា នាំមកទិញខ្សែកនិងទូរស័ព្ទឲ្យនៅផ្សារបានលុង។ ក្រោយសួរដេញដោលខ្លាំងទើប ធ្លាយចេញរឿងលោក មាស សោភ័ណ្ឌ នាំកូនស្រីរបស់ពួកគាត់ទៅរំលោភនៅក្នុងផ្ទះសំណាក់យីហោម៉េងលីន។ បន្ទាប់មកពួក គាត់ក៏បានទៅប្តឹងមេភូមិ មេឃុំ និងមេប៉ុស្តិ៍ ប៉ក់ញ៉ៃប៉ុន្តែគ្មានអ្នកណាអើពើនោះទេ ។
ទាក់ទងនឹងករណីនេះយើងនៅមិនទាន់អាចសុំការបញ្ជាក់ពីលោកព្រះរាជអាជ្ញារង ហាក់ ហ៊ាន់ អ្នកនាំពាក្យអយ្យការអម សាលាដំបូងខេត្តរតនគិរីបាននៅឡើយទេ ដោយទូរស័ព្ទលោកហៅចូលប៉ុន្តែគ្មានអ្នកទទួល ។
យោងតាមមាត្រា៤២នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្សនិងអំពើអាជីវ កម្មផ្លូវភេទបានចែងថា បទអំពើរួមភេទជាមួយអនីតិជនក្រោមអាយុ១៥ឆ្នាំត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំទៅ១០ឆ្នាំ ។
មហាជនរង់ចាំមើលថា តើសំណុំរឿងនៅប្រែពណ៌ទៅជាយ៉ាងណាទៀតនៅពេល ដែលនគរបាលយុត្តិធម៌មួយរូបដែលយល់ដឹងពីច្បាប់បែរជាធ្វើអំពើបំពានច្បាប់បែបនេះ?
មជ្ឈដ្ឋាននានាបានចោទសួរថា បើមន្ត្រី នគរបាលនោះមិនពាក់ព័ន្ធនឹងការប្រព្រឹត្ត អំពើមិនគប្បីចំពោះក្មេងស្រីទាំង២នាក់ នោះ ហេតុអ្វីចាំបាច់សងជំងឺចិត្តរហូតដល់ ១២.០០០ដុល្លារសម្រាប់ពួកគេធ្វើអ្វី? ករណីនេះគួរតែលោកស្រីស្នងការរងនៃ ស្នងការដ្ឋាននគរបាលខេត្តរតនគិរីពិចារណា ឲ្យបានច្បាស់លាស់ ឬមួយថាវាជាប្រាក់ នៃការរាប់អានគ្នា? ប្រសិនបើគ្មានអំពើ មិនគប្បីណាមួយនោះគេជឿថា មន្ត្រីនគរ បាលម្នាក់នោះប្រាកដជាមិនចំណាយប្រាក់ រហូតដល់១២.០០០ដុល្លារទទេៗយ៉ាង ដូច្នេះឡើយ ។
ដូច្នេះលោកស្រីស្នងការរងគួរប្រើខួរ ក្បាលពិចារណាលើករណីមួយនេះឲ្យបាន ច្បាស់លាស់ មុននឹងនិយាយអំពីករណី ខាងលើនេះ ៕ ហេង សូរិយា