ភ្នំពេញ៖ យោងតាមដីកាកោះហៅជនជាប់ចោទ បង្ហាញថា តុលាការកំពូល នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ នេះ នឹងបើកសវនាការរឿងក្តីជនជាប់ចោទ គឹម សុខ ពាក់ព័ន្ធនឹងករណីចោទប្រកាន់ថាគណបក្សប្រជាជនកម្ពុជា សម្លាប់បណ្ឌិត កែម ឡី ។
មន្ត្រីតុលាការ ថ្លែងថា សវនាការនេះ ដឹកនាំដោយលោកស្រី គិម សត្ថាវី ជាប្រធានក្រុមប្រឹក្សាជំនុំជម្រះ និង លោក ឈួន ចាន់ថា ជាតំណាងមហាអយ្យការ ។
លោក គឹម សុខ ធ្លាប់ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ និង សាលាឧទ្ធរណ៍ សម្រេចដូចគ្នាឱ្យជាប់ពន្ធនាគារ គារចំនួន១៨ខែ ពិន័យជាប្រាក់ចំនួន៨លានរៀល និង សងសំណងជំងឺចិត្តដល់សម្តេចតេជោនាយករដ្ឋមន្ត្រីជាដើមបណ្ដឹងរដ្ឋប្បវេណី ចំនួន៨០០លានរៀល ក្រោមការចោទប្រកាន់ពីបទ”ញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និង បទបរិហារកេរ្តិ៍ជាសាធារណៈ តាមមាត្រា៤៩៤ មាត្រា៤៩៥ និង មាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ។
បច្ចុប្បន្នលោក គឹម សុខ នៅជាប់បណ្តឹងមួយទៀត ដែលប្តឹងដោយសម្តេចតេជោដូចគ្នា គឺពាក់ព័ន្ធការដែលលោក គឹម សុខ បានចោទប្រកាន់ថា រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតប្រព័ន្ធសម្លាប់មនុស្ស រួចរកឃាតកមិនដែលឃើញ៕ ចេស្តា