ព័ត៌មានទាន់ហេតុការណ៍៖

ជើងខ្លាំងកាច់.ក ម៉ូតូតាមខេត្តអស់លក្ខណ៍ពេលឡើងមកកាច់.កម៉ូតូនៅភ្នំពេញ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់បម្រុង ចេញធ្វើសកម្មភាពកាច់.កម៉ូតូ តែពេលដែលឃើញកម្លាំងសមត្ថកិច្ចខណ្ឌដង្កោជិះល្បាតហៅឲ្យឈប់ ក៏ភ័យ ហើយផ្ដួលម៉ូតូរត់គេចខ្លួន ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៤ និង៣០នាទីល្ងាច ថ្ងៃព្រហស្បតិ៍ ១០រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០១៨ នៅចំណុចភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង២នាក់ទី១-ឈ្មោះ ជូរ សម្បត្ដិ អាយុ៣១ឆ្នាំ មុខរបរធ្វើសំណង់ ស្នាក់នៅការដ្ឋាន នៅកំបូល មានស្រុកកំណើត ភូមិកំពង់នុង ឃុំកូនសាត់ ស្រុកកំពត ខេត្ដកំពត និងទី២-ឈ្មោះ ជួន ព្រឹម អាយុ៣៥ឆ្នាំ មុខរបរ ធ្វើសំណងស្នាក់នៅក្នុងការដ្ឋានជាមួយគ្នា ។

នគរបាលព្រហ្មទណ្ឌខណ្ឌដង្កោ បានប្រាប់ឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ គឺ កម្លាំងសមត្ថកិច្ចខណ្ឌដង្កោ សហការជាមួយកម្លាំងប៉ុស្ដិ៍បានចុះល្បាតក្នុងភូមិសាស្ដ្រដើម្បីទប់ស្កាត់បទល្មើល ស្រាប់តែពេលជិះល្បាតទៅដល់ចំណុចកើតហេតុ ក៏បានប្រទះឃើញជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ មិនចាំស្លាកលេខ ពេលនោះសមត្ថកិច្ចមានការសង្ស័យក៏បានហៅឲ្យឈប់ដើម្បីសួរនាំ ស្រាប់តែជនសង្ស័យទាំង២នាក់ បានផ្ដួលម៉ូតូរួចរត់គេចខ្លួនតែត្រូវសមត្ថកិច្ចដេញចាប់បានភ្លាមៗ នៅកន្លែងកើតហេតុតែម្ដង។

វត្ថុតាំងដកហូតបានរួមមាន៖ ស្លាកលេខម៉ូតូចំនួន៣ , ម៉ូតូមួយគ្រឿង និងសោសម្រាប់កាច់កម៉ូតូមួយចំនួនទៀត ។

តាមការសារភាពរបស់ជនសង្ស័យទាំង២នាក់ បានឆ្លើយថា ខ្លួនបានធ្វើសកម្មភាពលួចកាចកម៉ូតូចំនួន៣លើកមកហើយៗ បានធ្វើសកម្មភាពនៅខេត្ដកំពង់ស្ពឺ លុះមកដល់ថ្ងៃចាប់ខ្លួននេះ ពួកគេទាំង២នាក់បានចេញមកធ្វើសកម្មភាពកាចកម៉ូតូនៅខណ្ឌដង្កោ តែជាអកុសលត្រូវជួបកម្លាំងសមត្ថកិច្ចខណ្ឌដង្កោចាប់ខ្លួនបានតែម្ដង ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ និងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចសាកសួរ និងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ រង់ចាំធ្វើសំណុំរឿង និងបញ្ជូនបន្តទៅកាន់តុលាការដើម្បីចាត់ការតាមនីតិវិធី៕ ភារ៉ា ដង្កោ


ចែករំលែក៖