ភ្នំពេញ៖ យុវជនប្រុសស្រីមួយក្រុមមានគ្នាជិត១០នាក់ជិះម៉ូតូ៤គ្រឿងចេញពីក្លឹបនៅផ្លូវលេខ២០០៤ បំណងទៅផ្ទះស្រាប់តែមានក្រុមក្មេងស្ទាវមួយក្រុមមានគ្នា៤នាក់ជិះម៉ូតូ២គ្រឿងប្រដាប់ដោយដំបង និងខ្សែរក្រវាត់ដេញវាយធ្វើឲ្យពួកគេភ័យជិះម៉ូតូរត់ ភ្លាមនោះស្រាប់តែសមត្ថកិច្ចកំពុងល្បាត់ឃើញដេញចាប់បានជនសង្ស័យចំនួន២នាក់ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២រំលងអធ្រាត្រ ឈានចូលថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ នៅចំនុចផ្លូវលេខ២៧១ កែងផ្លូវលេខ៤៣២ ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ។
តាមសម្តីក្រុមជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុពួកគេមានគ្នាជិត១០នាក់ ដោយជិះម៉ូតូចំនួន៤គ្រឿង នាំគ្នាទៅរាំលេងកំសាន្តនៅក្លឹបមួយកន្លែងតាមបណ្តោយផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ ។ លុះពេលរាំលេងចប់ហើយ ក៏នាំគ្នាជិះម៉ូតូបំណងទៅផ្ទះនៅទួលសង្កែ ដោយជិះតាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់គល់ស្ពានអាកាសស្ទឹងមានជ័យខាងត្បូង ស្រាប់តែមានក្រុមក្មេងស្ទាវមួយក្រុមមានគ្នា៤នាក់ ជិះម៉ូតូ២គ្រឿងប្រដាប់ដោយដំបង និងខ្សែរក្រវាត់ ដេញវាយពួកគេពីក្រោយភ្លាមៗក៏នាំគ្នាជិះម៉ូតូគេចខ្លួន ហើយបានជួបនិងសមត្ថកិច្ចប៉ុស្តិ៍ទំនប់ទឹកកំពុងល្បាត់ក៏ដេញតាមឃាត់រហូតដល់ផ្លូវ២៧១កែងផ្លូវ៤៣២ ទើបឃាត់បានម៉ូតូស្កូបពីមួយគ្រឿង និងបុរស២នាក់ផងដែរ ដោយឡែកម៉ូតូមួយគ្រឿងទៀតគេចខ្លួនបាត់។ រីឯម៉ូតូជនរងគ្រឿងមួយគ្រឿងម៉ាកសង់ប៊ិច ដោយសារតែជិះគេចពីក្រុមក្មេងស្ទាវធ្វើឲ្យជិះបុកឃឿនផ្លូវបែកកង់ក្រោយនិងបាក់កាំតែម្តង តែមិនបានមនុស្សរងរបួសនោះទេ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យទាំង២នាក់បានប្រកែកមិនទទួលខុសត្រូវពាក់ព័ន្ធនឹងការដេញវាយក្រុមយុវជនទាំងនោះទេ ទាំងដៃកាន់ជាប់នឹងខ្សែក្រវាត់ទៀតផង។
ក្រោយពេលកើតហេតុភាគីទាំងសងខាងត្រូវបានសមត្ថកិច្ចនាំយកទៅសាកសួនៅប៉ុស្តិ៍រដ្ឋបាលនគរបាលបឹងទំពុនដើម្បីចង់ដឹកកាពិត ៕ សុខាសែនជ័យ