ព័ត៌មានទាន់ហេតុការណ៍៖

សិស្សវិទ្យាល័យឫស្សីកែវ២នាក់ឆក់ទូរស័ព្ទដៃជនជាតិចិន ត្រូវនគរបាលខណ្ឌដូនពេញឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ យុវសិស្ស២នាក់ រៀននៅវិទ្យាល័យឫស្សីកែវ ត្រូវបាននគរបាលប៉ុស្តិ៍ចតុមុខឃាត់ខ្លួន បន្ទាប់ពីពួកគេធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសជនជាតិចិន ខណៈកំពុងជិះម៉ូតូរ៉ឺម៉ក បានសម្រេចហើយព្យាយាមជិះម៉ូតូរត់ តែរត់មិនរួចត្រូវកម្លាំងល្បាតនៅក្បែរនោះចេញអន្តរាគមន៍ចាប់វាយខ្នោះភ្លាមៗ ។

ករណីឆក់ទូរស័ព្ទដៃខាងនេះ បានកើតឡើងកាលពីវេលាម៉ោង១និង៥៥នាទីរសៀលថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនឹង ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្លូវលេខ២៤០ មុខក្រសួងធម្មកា សង្កាត់ចតុមុខ ខណ្ឌដូនពេញ ។

ជនសង្ស័យទី១មានឈ្មោះចាន់ ថារិន្ទ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្សសាលាវិទ្យាល័យឫស្សីកែវ ស្នាក់នៅឫស្សីកែវ។ ទី២មានឈ្មោះ សួង ការ៉ាសិក ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្សសាលាវិទ្យាល័យឫស្សីកែវ ស្នាក់នៅឫស្សីកែវ ។ចំណែកជនរងគ្រោះជាតិចិនមានឈ្មោះ Kevin ភេទប្រុស អាយុ៥២ឆ្នាំ មុខរបរក្រុមហ៊ុនអចលទ្រព្យ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនបរទេស២នាក់ប្តីប្រពន្ធបានជិះម៉ូតូរ៊ឺម៉ក ដោយកាន់ទូរស័ព្ទដៃម៉ាកi phone x លើកនិយាយពេលមកដល់ចំណុចកើតហេតុ ស្រាប់តែលេចមុខក្រុមជនសង្ស័យជាសិស្ស មានគ្នាប្រហែល៥ទៅ៦នាក់ ជិះម៉ូតូ៣គ្រឿងមកធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃពីបុរសជនបរទេស បណ្តាលឲ្យធ្លាក់ពីលើម៉ូតូរ៊ឺម៉ក ត្រូវរងរបួសរលាត់ដៃជើងផងដែរ ។

ប្រភពព័ត៌មាន បានបន្តទៀតថា ខណៈដែលក្រុមសង្ស័យទាំងនោះឆក់បានសម្រេចហើយក៏បើកម៉ូតូគេចខ្លួនភ្លាត់ស្នៀតដួលប្រកាច់ត្រូវចាប់បាន២នាក់ភ្លាមៗដកហូតបានម៉ូតូជិះធ្វើសកម្មភាពមួយគ្រឿងម៉ាកឡែតពណ៌សពាក់ស្លាកលេខភ្នំពេញ១DE ៩៥៩៥ ។ចំណែកទូរស័ព្ទដៃរបស់ជនរងគ្រោះម៉ាកi phone x នោះត្រូវបានបាត់បង់ប្រហែលជាពួកគេបណ្តោះឲ្យបក្ខពួកគេដែលគេចខ្លួនបាត់អស់នោះ។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ខាងលើ រួមនិងម៉ូតូជនសង្ស័យ ត្រូវបាននាំមកឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលចតុមុខ ដើម្បីសាកសួរ និង កសាងសំណុំរឿងបញ្ចូនទៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញចាត់ការតាមនីតិវិធី៕ ស តារា

 


ចែករំលែក៖