ព័ត៌មានទាន់ហេតុការណ៍៖

ពស់សង្ការចាស់ចឹកជើងឆ្វេងបុរសចំណាស់ម្នាក់ចុកហើមបញ្ជូនទៅពេទ្យសង្គ្រោះយ៉ាងលឿន

ចែករំលែក៖

ខេត្តប៉ៃលិន៖ បុរសម្នាក់ ត្រូវបានពសសង្ការចាស់ចឹកចុកហើមភ្លាមៗ ពេលដែលបុរសចំណាស់ម្នាក់នោះ បាននាំកូនចៅទៅចំការរបស់ខ្លួន ដើម្បីយកកាំបិតទៅកាប់ព្រៃក្នុងចំការ ពេលកំពុងតែកាប់ព្រៃ ក៏បានដាក់ជើងស្ដាំជាន់ទៅលើពស់២ក្បាលនៅក្រោមស្មៅ ស្រាប់តែមានពស់ឈ្មោលមួយក្បាល ការពារមេរបស់វា ដែលមានពងក្នុងពោះក៏ ចឹកចំជើងតែម្ដង។

ក្រោយមកត្រូវបានកូនប្រុសដឹកតាមគោយន្តផ្ទះរួចក៏ដឹកតាមរថយន្តបន្តមកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៤៥នាទីព្រឹក ថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចចំការតាផេន ក្នុងភូមិសំបូរ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

បុរសម្នាក់ដែលត្រូវពស់ចឹកនោះឈ្មោះ តាប ឃឿនហៅតា ខាំ អាយុ៦០ឆ្នាំ មុខរបរធ្វើស្រែ ចំការ មានប្រពន្ធឈ្មោះ លឹម ឡុង អាយុ៥៨ឆ្នាំ មុខរបរធ្វើស្រែចំការ មានកូន៥នាក់ ប្រុស៣នាក់ ស្រី២នាក់ រស់នៅភូមិ ឃុំ កើតហេតុខាងលើ។

បុរសរងគ្រោះរៀបរាប់ក្នុងមន្ទីរពេទ្យឲ្យដឹងថា កំពុងតែកាប់ឆ្ការព្រៃបានពាក់កណ្ដាល ស្រាប់តែបោះជើងទៅលើស្មៅក្រាស ប៉ះចំពស់មួយក្បាលចឹកចំខ្នងជើងខាងឆ្វេង រូបគាត់រត់ឡើងលើគោយន្តកែច្នៃស្រែកកូនបើកទៅផ្ទះ ដល់ផ្ទះសន្លប់មួយសន្ទុះដឹងខ្លួន ឲ្យប្អូនបង្កើតយករថយន្តដឹកបន្តទៅពេទ្យបង្អែកខេត្តប៉ៃលិន។

ប្រភពពន្តថា ចំណែកពស់មួយក្បាលនោះ ត្រូវបានកូនគាត់ និងអ្នកភូមិនាំតាមទៅវាយកំពុងតែវាយពស់មួយក្បាលនោះ ក៏មានពស់មួយក្បាលទៀតអើតក្បាលបើកវែក ក៏វាយងាប់ទាំង២ក្បាល ក្រោយមកដឹងថា ពស់នេះឈ្មោល ញី។

បច្ចុប្បន្នបុរសរងគ្រោះកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ៕ ស សារ៉េត


ចែករំលែក៖