ព័ត៌មានទាន់ហេតុការណ៍៖

មេការនិងនារីបម្រើខារ៉ាអូខេទាស់សំដីប្រើហិង្សាដាក់គ្នាព្រោះរឿងចងការប្រាក់

ចែករំលែក៖

ភ្នំពេញ៖ ស្ត្រី២នាក់ ម្នាក់ជាមេការខារ៉ាអូខេ និងម្នាក់ទៀតជានារីបម្រើខារ៉ាអូខេដូចគ្នា បានទំនាស់សំដី និងរហូតឈានទៅដល់ការប្រើហិង្សាដាក់គ្នាទៅវិញទៅមក ព្រោះរឿងចងការប្រាក់ (លុយរាប់ប្រចាំថ្ងៃ)បណ្ដាលឲ្យរងរបួសសងខាង ហើយត្រូវសមត្ថកិច្ចចុះទៅឃាត់ខ្លួនទាំង២នាក់យកមកប៉ុស្តិ៍នគរបាលទឹកថ្លា ដើម្បីសាកសួរ ។

ហេតុការណ៍ហិង្សាដាក់គ្នាខាងលើ បានកើតឡើងកាលពីម៉ោង៦ល្ងាច ថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រហូតដល់រសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ទើបសមត្ថកិច្ចហៅភាគីសងខាងមកកានមប៉ុស្តិ៍ដើម្បីសាកសួរ។

យោងតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា ភាគីបង្កផ្ដើមចេញពីការចងការប្រាក់ ដោយភាគីទី១ឈ្មោះឡុង ស្រីពៅ អាយុ២០ឆ្នាំ មុខរបរបម្រើការKTV ស្នាក់បន្ទប់ជួល ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើតភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌឫស្សីកែវ (រងរបួសកដៃខាងឆ្វេង និងកំពួនជើងខាងស្តាំ និងថ្ពល់ខាងឆ្វេង ដោយសារផ្លែលាមសរុប ពេទ្យដេរចំនួន៣០ថ្នេរ) ។ ចំណែកភាគីទី២ឈ្មោះ ស៊ី ណាត អាយុ ៣៧ឆ្នាំ មុខរបរបម្រើការKTV ស្នាក់នៅចំណុចផ្ទះជួល ភូមិបុរីកម្មករសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ មានស្រុកកំណើតភូមិតាវេ ឃុំត្រាំស្នាយ ស្រុកឈូក ខេត្តកំពត(របួសថ្ពល់ខាងស្តាំដោយសារក្រចក) ។

បើយោងតាមប្រភពពីស្ត្រីឈ្មោះ ស៊ី ណាត ជាភាគីទី២ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា រូបគាត់គឺជាអ្នកចងការប្រាក់ ដោយរាប់ប្រចាំថ្ងៃ ហើយនៅមុនកើតហេតុ គាត់បានមកទារលុយពីឈ្មោះឡុង ស្រីពៅ ភាគីទី១ នៅបន្ទប់ជាប់គ្នារួចក៍មានទំនាស់សំដី និងតឹងសសៃកដាក់គ្នា រហូតឈានទៅដល់ការប្រើហិង្សាទៅវិញទៅមក បណ្តាលឲ្យរងរបួសរៀងៗខ្លួន ។

ដោយឡែកបើតាមសម្តីឈ្មោះឡុង ស្រីពៅ ភាគីទី១ ក៏បានប្រាប់សមត្ថកិច្ចថា មុនកើតហេតុគឺឈ្មោះ ស៊ី ណាត ( ភាគីទី២)បានទារលុយពីខ្លួន ពេលនោះគាត់បានប្រាប់ថាថ្ងៃនេះមិនមានលុយឲ្យទេចាំស្អែកឲ្យចំនួន២ថ្ងៃឌុបតែម្តង (លុយខ្ចី៤០ម៉ឺន រាប់ឲ្យមួយថ្ងៃ២ម៉ឺនរយៈពេល២៤ថ្ងៃអស់) ក្រោយពីប្រាប់អញ្ចឹងហើយភាគីទី២ដៀលត្មេះរូបគេដោយពាក្យអសុរសដដែរៗ រហូតដល់ខ្លួនទ្រាំលែងបានរៀងៗខ្លួនក៍ក្លាយជាទំនាស់ហិង្សាដាក់គ្នាតែម្តង ។

ក្រោយកើតហេតុ ភាគីទាំងសងខាងបានទៅពេទ្យដេររបួសហើយបានមកប៉ុស្តិ៍ដាក់ពាក្យបណ្តឹងរហូតដល់រសៀលថ្ងៃទី២៤មករានេះសមត្ថកិច្ចបានហៅមកសាកសួរតែម្តង ហើយភាគីទី១ឈ្មោះឡុង ស្រីពៅ បានប្តឹងទាមទារជម្ងឺចិត្តទៅលើភាគីទី២ឈ្មោះ ស៊ី ណាត ចំនួន ១០០០ដុល្លាផងដែរ ។

បច្ចុប្បន្នភាគីសងខាងសមត្ថកិច្ចកំពុងសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លា ដើម្បីដោះស្រាយគ្នាតាមនីតិវិធី ៕ តុង សីហា


ចែករំលែក៖