ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុសិ៍្តរដ្ឋបាលស្ទឹងមានជ័យ៣ ចាប់ឃាត់ខ្លួនកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃអាទិត្យ ១២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះលក់ថ្នាំពេទ្យយីហោ ប៉ោសារិន ផ្លូវឌួងងៀប(៣០ម៉ែត្រ) សេះស ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យរាជធានីភ្នំពេញ ខណៈដែលមានជនសង្ស័យម្នាក់ទៀតធ្វើសកម្មភាពលួចកាច់កម៉ូតូបានសម្រេច។
លោក ឯម ភារី នាយប៉ុសិ៍្តរដ្ឋបាលស្ទឹងមានេជ័យ៣បានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចយើងឃាត់ខ្លួនមកសួរនាំនោះមានឈ្មោះ យឺន វឌ្ឍនៈ ហៅឌុន ភេទប្រុស អាយុ១៨ឆ្នាំ ជាកម្មកររោងចក្រ មានទីលំនៅភូមិបឹងធំ សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកគូរកនមានឈ្មោះ ណាង ភេទប្រុស អាយុ២២ឆ្នាំ(គេចខ្លួន)។
លោកនាយប៉ុសិ៍្តបន្តថា ដោយឡែកជនរងគ្រោះម្ចាស់ម៉ូតូមានឈ្មោះ សុង មករា ភេទស្រី អាយុ៣០ឆ្នាំ មុខរបរគ្រូពេទ្យ ស្នាក់នៅផ្ទះជួលម្តុំសេះស ភូមិដំណាក់ធំ ផ្លូវ៣០ម៉ែត្រ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ។ ចំណែកម៉ូតូដែលជនសង្ស័យលួចយកទៅនោះម៉ាកនិក ពណ៌ស មិនចាំស្លាកលេខ។
លោក ឯម ភារី បន្តឲ្យដឹងទៀតថា មុនពេលកើតហេតុ និងឈានដល់ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើបានម្នាក់នេះ គឺស្ត្រីរងគ្រោះម្ចាស់ម៉ូតូបានយកម៉ូតូរបស់ខ្លួនដែលគាត់បានខ្ចីពីប្អូនជិះមកធ្វើការហើយចតទុកចោលមុខផ្ទះដូចសព្វដងរៀងរាលថ្ងៃ ។ លុះនៅថ្ងៃអាទិត្យនេះក៏មានជនសង្ស័យ២នាក់បានដើរចូលធ្វើជាអ្នកទិញថ្នាំពេទ្យ ហើយគូរកនម្នាក់ទៀតធ្វើសកម្មភាពកាច់កម៉ូតូជិះចេញទៅបាត់ស្រមោល ដោយឡែកជនសង្ស័យម្នាក់នេះដែលចូលទិញថ្នាំពេទ្យស្រឡាំងកាំងមិនដឹងទៅណា ស្របពេលកម្លាំងល្បាតប៉ុសិ៍្តទៅដល់កន្លែងកើតហេតុក៏នាំខ្លួនមកស្នាក់ការប៉ុសិ៍្តសួរនាំតែម្តង។
លោកនាយប៉ុសិ៍្តស្ទឹងមានជ័យដដែលបន្តថា ក្រោយសួរនាំជនសង្ស័យក៏បានសារភាពនៅចំពោះមុខសមត្ថកិច្ចយើងថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចកាច់កម៉ូតូរបស់ស្ត្រីរងគ្រោះខាងលើមែន ហើយសកម្មភាពរបស់ពួកខ្លួនបានសម្រេចចំនួន៣ដងមកហើយ។ ជនសង្ស័យត្រូវបានកសាងសំណុំរឿងបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការបន្តទៅតាមច្បាប់៕ តាឡឹម