ព័ត៌មានទាន់ហេតុការណ៍៖

ជិះម៉ូតូលឿនគេចពីរថយន្តជ្រុលបុករបាំងថ្មពុះចែកទ្រូងផ្លូវរបួសធ្ងន់ ស្រាល

ចែករំលែក៖

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗ និងយុវជន៣នាក់ទៀតរងរបួសស្រាល ខណៈជិះម៉ូតូឌុបគ្នាលឿនហើយគេចពីរថយន្តខាងមុខ ជ្រុលទៅបុកក្បាលនាគ ពុះចែកទ្រូងផ្លូវ ផ្លោងខ្ទាតទៅបំណែកផ្លូវម្ខាងទៀត កាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃអាទិត្យ ១២កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅលើផ្លូវសហព័ន្ធរុស្សី ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ភាគីម៉ូតូសេ១២៥ សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GR-8695 ជិះគ្នា៣នាក់ ប្រុស២នាក់ ស្រីម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរ៉ូស្សី ល្បឿនលឿនពីកើតទៅលិច លុះដល់ចំណុចកើតហេតុ វ៉ាក់អើជាមួយរថយន្តមួយគ្រឿង បើកចេញពីផ្លូវលំ ធ្វើឲ្យគេចជ្រុលទៅបុកក្បាលនាគ ខ្ទាតផ្លោងម៉ូតូទៅចូលបំណែកផ្លូវម្ខាងទៀត ប៉ះជាមួយម៉ូតូសេ១១០ សេរី២០១២ ប៊ិច ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1BI-6949 បើកបរដោយបុរសម្នាក់ ដែលបើកលើផ្លូវអថិភាពពីលិចទៅកើត បង្កឲ្យរងរបួសធ្ងន់ស្រ្តីម្នាក់ ចំណែកបុរស៣នាក់ទៀតរងរបួសស្រាល ។

ក្រោយកើតហេតុ ស្រ្តីម្នាក់រងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសង្រ្គោះរបស់អង្គភាព៧១១ ជួយដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ។ ចំណែកដៃគូរួមដំណើរម្នាក់រងរបួសស្រាល ត្រូវបានក្រុមគ្រួសារ នាំទៅសម្រាកព្យាបាលរបួសនៅគ្លីនិកចោមចៅ ។ ដោយឡែកម៉ូតូមួយគ្រឿង ដែលស្រ្តីរងគ្រោះជិះជាមួយនោះត្រូវបានសមត្ថកិច្ច ឃាត់យកទៅរក្សាទុកជាបណ្តោះអាសន្ននៅផ្នែកជំនាញ រង់ចាំស្រាវជ្រាវ តាមនីតិវិធី ៕ សុខាសែនជ័យ


ចែករំលែក៖