ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋនៅសហគម៍ភូមិថ្មីចោទថាក្រុមហ៊ុន ហេង សម្បត្តិ ធើ្វសកម្មភាពបានកាយដីព្រៃភ្នំ របស់សហគមន៍យ៉ាងអនាធិបតេយ្យគ្មានច្បាប់

ចែករំលែក៖

ខេត្តបាត់ដំបង​៖ តំណាង​សហគមន៍​ក៏ដូចជា​ប្រជាពលរដ្ឋ បានអោយដឹង​កាលពី​រសៀល​ថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨​ថា ដីព្រៃ ដីភ្នំ នៅក្នុង​សហគមន៍​ភូមិ​ថ្មី ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ត្រូវបាន​ក្រុមហ៊ុន ហេង សម្បត្តិ ដាក់​គ្រឿងចក្រ​ជីក​យក​អាច​ម៌​ដី​ស្ទើរតែ​រាបស្មើ ធ្វើសកម្មភាពយ៉ាងអនាធិបតេយ្យ គ្មានវិធានការទប់ស្កាត់នោះឡើយហើយ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​បាន​ត្រឹម​ឆ្លើយ​ដាក់គ្នា​។​

តំណាង​សហគមន៍​ភូមិ​ថ្មី បានអោយដឹងថា ដីព្រៃ​ភ្នំ​ក្នុង​សហគមន៍ ភូមិថ្មី ត្រូវបាន​ក្រុមហ៊ុន ហេង សម្បត្តិ ដាក់​គ្រឿងចក្រ​ជីក​កកាយ​យក​អាច៌មដីជាយូរមកហើយ សកម្ម

ភាពរបស់ក្រុមហ៊ុនបានបង្កឱ្យប៉ះពាល់ផលប្រយោជន៍របស់ប្រជាពលលរដ្ឋ កន្លងមកប្រជាពលរដ្ឋនាំគ្នាតវ៉ាដែរតែអាជ្ញាធរនិងមន្ទីរជំនាញពាក់ព័ន្ធគ្មានការដោះស្រាយនោះឡើយ។

លោក អ៊ា​ន មាឃ ប្រធានមន្ទីររ៉ែនិងថាមពល ខេត្តបាត់ដំបង ក៏បាន​អោយដឹង​ដែរ​ថា ក្រុមហ៊ុន ហេង សម្បត្តិ ដែល​កំពុង​ដាក់​គ្រឿងចក្រ​កាយ​ដីព្រៃ​ភ្នំ​ក្នុង​សហគមន៍​ខាងលើ គឺ​មិនមាន​ច្បាប់​ទេ ហើយ​លោក​ក៏បានចុះទៅហាមឃាត់និងណែនាំក្រុមហ៊ុនឱ្យចូលមកធ្វើច្បាប់តែក្រុមហ៊ុននេះរហូតមកដល់ពេលនេះមិនទាន់មកធ្វើច្បាប់ឡើយ។

លោកប្រាប់ទៀតថា ក្រុមហ៊ុនមានច្បាប់សុយសារជាបន្ទុករបស់រដ្ឋដែលបានបន្តពីក្រុមហ៊ុនកូរ៉េ ប៉ុន្តែទោះបីបែបណា ក៏ត្រូវធ្វើច្បាប់សម្រាប់ការធ្វើអាជីវកម្ម។

លោក ជុំ ញ៉ អភិបាលស្រុក​បាណន់ ពាក់ព័ន្ធ​ករណីនេះ លោក​បាន​បំភ្លឺដល់អ្នកសារព័ត៌ានឱ្យ​ដឹងថា រឿង​នឹង​លោក​បានដាក់​លិខិត​អោយទៅ​មន្ទីររ៉ែ និង​ថាមពល ពិនិត្យ ដើម្បី​សម្របសម្រួល​ដោយមាន​ការឯកភាព​គ្នា​ទាំង​សហគមន៍ និង​មេឃុំ អោយ​ក្រុមហ៊ុន​ជីក​យកតែ​ដីល្បាប់​ខាងលើ​ប៉ុណ្ណោះ មិន​អនុញ្ញាតអោយ​កាយ​ដី​រ៉ែ​យក​ដីក្រហម​ទេ​។​

លោក​បន្តថា ចំពោះ​បញ្ហា​ថា ក្រុមហ៊ុន​មានច្បាប់ ឬ​អត់ ច្បាប់លោក​គ្មាន​សិទ្ធិ​ឆែក​ត្រួតពិនិត្យនោះទេ ម្យ៉ាងទៀត​នៅពេល​ឯកភាព​គ្នា​ទាំង​សហគមន៍ និង​មេឃុំ ហើយ​នៅពេលដែល​លោក​បានអនុញ្ញាតក៏​មិន​ដាក់​យល់ព្រម​ដែរ​គឺ​គ្រាន់តែ​អោយ​ខាង​លោក​ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល ធ្វើការ​សម្របសម្រួល​ប៉ុណ្ណោះ​៕​ សំ វិច្ឆិកា


ចែករំលែក៖