ព័ត៌មានទាន់ហេតុការណ៍៖

ចាប់បានហើយជនដៃដល់ដែលបាញ់សម្លាប់មនុស្ស៣នាក់ នៅខេត្តមណ្ឌលគិរី 

ចែករំលែក៖

ខេត្តមណ្ឌលគិរី៖ ឧត្តមសេនីយ៍ត្រី សូ សុវណ្ណ ស្នងការរងទទួលផែនព្រហ្មទណ្ឌ ខេត្តមណ្ឌលគិរី បានថ្លែងប្រាប់អង្គភាពព័ត៌មានកាលពីថ្ងៃទី២ ខែកុម្ភៈ ឲ្យដឹងថា ជនដៃដល់គឺជានាយនគរបាលប៉ុស្តិ៍អូររលែ ដែលជាអ្នកសម្លាប់ជនរងគ្រោះទាំង៣នាក់នោះ ត្រូវបានចាប់ខ្លួនហើយ ​នៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ ខណៈជនដៃដល់រូបនេះបម្រុងរត់គេចខ្លួនទៅស្រុកកំណើត នៅខេត្តព្រៃវែង។ ខ្មាន់កាំភ្លើងត្រូវបានកម្លាំងនគរបាលស្រុកមេមត់ សហការជាមួយនគរបាលខេត្តមណ្ឌលគិរី​ ចាប់ខ្លួននៅចណុចក្បែរហាងឥន្ទ្រី ។

ខ្មាន់កាំភ្លើងជានាយនគរបាលប៉ុស្តិ៍អូររលែឈ្មោះ ផល ពេញ ដែលជាជនដៃដល់បាញ់សម្លាប់មន្រ្តីអាវុធហត្ថលើផ្ទៃប្រទេស, មន្រ្តីឧទ្យានុរក្ស នៃមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី និងបុគ្គលិកអង្កការ WCS ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ។

សូមរំលឹកថា មន្រ្តីយោធាការពារព្រំដែន៣នាក់ និងមន្រ្តីនគរបាលការពារព្រំដែនម្នាក់ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធការបាញ់សម្លាប់មនុស្ស៣នាក់ នៅស្រុកអូររាំង ខេត្តមណ្ឌលគិរី ខណៈជនដៃដល់ជា នាយនគរបាលប៉ុស្តិ៍អូររលែ ឈ្មោះ ផល ពេញ បានរត់គេចខ្លួននៅក្នុងព្រៃ ហើយទើបតែត្រូវបានចាប់ខ្លួននៅពេលនេះ។

ប្រភពពីសមត្ថកិច្ចបានថ្លែងថា ជនដៃដល់ និងពាក់ព័ន្ធនៃការបាញ់សម្លាប់ជនរងគ្រោះទាំង៣នាក់នេះ មាននាយនគរបាលប៉ុស្តិ៍អូរលែ លោក ផល ពេញ បូករួមទាំងឈ្មោះ កើត វេហា, ឈ្មោះ ងួរ ជាមន្ដ្រីយោធាការពារព្រំដែននៅតំបន់អូររលែ ព្រមទាំងជនពាក់ព័ន្ធមួយចំនួនទៀត។

គួររំលឹកទៀតថា ករណីបាញ់ប្រហារបានកើតឡើងនៅចំណុចប៉ុស្ដិ៍អូររលែ ក្នុងភូមិសាស្ដ្រភូមិ​ពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី នៅចន្លោះម៉ោង៤ ទៅម៉ោង៥ល្ងាចថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ បណ្ដាលឲ្យស្លាប់មនុស្ស៣នាក់ រួមមាន៖ មន្ដ្រីអាវុធហត្ថលើផ្ទៃប្រទេសម្នាក់ឈ្មោះ សេក វឌ្ឍនា, មន្ដ្រីឧទ្យានុរក្ស នៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ឈ្មោះ តើន សុខណៃ និងបុគ្គលិកអង្គការសមាគម អភិរក្សាសត្វព្រៃ Wildlife Conservation Society (WCS)ឈ្មោះ ថុល ខ្នា ដែលការបាញ់ប្រហារនេះផ្តើមចេញពីបទល្មើសព្រៃឈើ៕

 


ចែករំលែក៖