ព័ត៌មានទាន់ហេតុការណ៍៖

បង្ក្រាបទីតាំងកត់កន្ទុយលេខនៅស្ទឹងមានជ័យទៀតហើយ នៅឡើយតែទីតាំងនៅខាងក្រោយស្នាក់ការប៉ុសិ៍្តបឹងទំពន់១

ចែករំលែក៖

ភ្នំពេញ៖ ទីតាំងកត់ឆ្នោតកន្ទុយលេខនៅស្ទឹងមានជ័យ១ និងស្ទឹងមានជ័យ២ត្រូវបានសមត្ថកិច្ចចម្រុះបង្ក្រាបជាហូហែ ដោយឡែកទីតាំងកត់ឆ្នោតកន្ទុយលេខនៅផ្លូវលំបេតុង ស្ថិតនៅខាងក្រោយស្នាក់ការប៉ុសិ៍្តរដ្ឋបាលបឹងទំពន់១មិនទាន់ឃើញមានសមត្ថកិច្ច ឬអាជ្ញាធរខណ្ឌមានជ័យចុះបង្ក្រាបនៅឡើយទេ ដែលអាចជាករណីស៊ីសង្វាក់គ្នាជាលក្ខណៈប្រព័ន្ធ។

ជាក់ស្តែងទីតាំងផ្ទះលេខ៤៦៩ ផ្លូវលំ ក្រុមទី៧ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យត្រូវបានកម្លាំងចម្រុះដឹកនាំដោយលោក ឌី រ័ត្ឋខេមរុណ អភិបាលរងខណ្ឌមានជ័យឆ្មក់ចូលក្របួចបានស្ត្រីម្នាក់ជាអ្នកកត់ឆ្នោតកន្ទុយលេខ រួមនិងវត្ថុតាងមួយចំនួនពាក់ព័ន្ធ និងបទល្មើសល្បែងកន្ទុយលេខខុសច្បាប់កាលពីវេលាម៉ោង២និង៥០នាទីរសៀលថ្ងៃអាទិត្យ៤រោច ខែមាឃ ឆ្នាំរកា នព្វស័ក ពស២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨។

ប្រភពបានរាយការណ៍ថា ស្ត្រីនោះមានឈ្មោះ លី វិបុល អាយុ៣០ឆ្នាំ មានទីលំនៅផ្ទះកើតហេតុខាងលើ។ ស្ត្រីរូបនេះបានប្រកបរបរកត់កន្ទុយលេខឆ្នោតយួនខុសច្បាប់ជាង១ឆ្នាំហើយ ជាកូនកញ្ច្រែង។

បច្ចុប្បន្នស្រ្តីរូបនេះកំពុងស្ថិតក្រោមការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់៕ តាឡឹម


ចែករំលែក៖