ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន Emariyoដែល​ពុំបើក​ប្រាក់ខែ​កម្មកររហូតដល់​៣​ខែដោយសារការបង្ខាំង​ចរន្ត​ប្រាក់​ក្នុង​ធនាគារ​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖ ក្រោយ​មាន​បណ្តាញព័ត៌មាន​ក្នុងស្រុក​ជាច្រើន​បានចេញ​ផ្សាយព័ត៌មាន ពាក់​ព័​ន្ឋ​ការតវ៉ា​របស់​ក្រុមកម្មករ​សំណង់ ក្រុមហ៊ុន Emariyo ដែល​ពុំបាន​ទទួលបាន​ប្រាក់ខែ​រហូតដល់​០៣​ខែនោះ កាលពីរ​សៀ​លថ្ងៃអាទិត្យ ៤រោច ខែមាឃ​ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ លោក សោម សុខ​រ៉ា​ឌី អគ្គនាយក​ក្រុមហ៊ុន អ៊ី ម៉ា​រី​យ៉ូ បាន​​បំភ្លឺថា ការយឺតយ៉ាវបើក​ប្រាក់ខែ​នេះ គឺ​មិនមែន​ក្រុមហ៊ុន ក្ស័យ​ធន់​ទេ គឺ​ដោយសារ​ភរិយា​រ​បស់លោក​បង្ខាំង​ចរន្ត​ប្រាក់​ក្នុង​ធនាគារ​។​

​ថ្លែង​ក្នុង​កិច្ច​សម្ភាស​ន៍ជាមួយ​បណ្តាញព័ត៌មាន ​លោក​ឧក​ញ្ញ៉ា សោម សុខ​រ៉ា​ឌី អគ្គនាយក​ក្រុមហ៊ុន អ៊ី ម៉ា​រី​យ៉ូា មាន​ភាគហ៊ុន​ចំនួន​៥១ភាគរយ​លើ​៤៩ភាគរយ ជាមួយ​លោកស្រី ជួ តារា​រ៉េត ជា​ភរិយា​ បាន​ថ្លែង​បញ្ជាក់ថា ក្នុងនាម​លោក​ជា​អគ្គនាយក​ក្រុមហ៊ុន មាន​ភាគហ៊ុន​ច្រើនជាង​លោកស្រី ជួ តារា​រ៉េត លោកមានការ​សោកស្តាយ​យ៉ាងខ្លាំង​នូវ​ការខកខាន​បើកប្រាក់​បៀវត្ស​ជូន បុគ្គលិក កម្មករ​របស់លោក រហូតដល់​ទៅ​០៣​ខែ ដែល​បានធ្វើឲ្យ​បុគ្គលិក កម្មករ​របស់លោក មានការ​លំបាក​យ៉ាងខ្លាំង ប៉ុន្តែ​ការខកខាន​នេះ មិនមែនលោកគេច​វេះ ឬពុំមាន​ភាព​ទទួលខុសត្រូវ​នោះទេ គឺដោយសារ​ចរន្ត​លុយ ក្នុង​ធនាគារ​ទាំងអស់ ត្រូវបាន​ភរិយា​របស់លោក បង្ខាំងមិន​ព្រម​បញ្ចេញ​សាច់ប្រាក់ សូម្បីតែ​គណនី​ផ្ទាល់ខ្លួន​របស់លោក ក៏​ភរិយា​របស់លោកបង្កក​សាច់ប្រាក់​ដែរ​។​

​លោក​ថា ការបង្អាក់​ប្រាក់​នេះ គឺ​បន្ទាប់ពី​ភរិយា​របស់លោក បាន​ចាក​ចេញពី​លោក​កាលពី​ចុងខែ​មករា ឆ្នាំ​២០១៧ ដោយ​ចោទថា លោក​ខិលខូច​នៅ​ខាងក្រៅ ហើយ​ភរិយា​លោក​បាន​ប្រមូល​រាល់​ឯកសារ​ទាំងអស់​ដោយ​ពុំមាន​ការ​អនុ​ញ្ញា​ត្តិ​ពី​លោក ព្រមទាំង​ដាក់ពាក្យ​បណ្តឹង​ទៅ​តុលាការ សុំ​លែងលះ បែងចែក​ទ្រព្យសម្បត្តិ ថែម​ទៀតផង​។​

​លោក​បន្តថា ចំពោះ​ការសុំ​លែងលះគ្នា​គឺជា​រឿង​បុគ្គល មិនគួរណា​ធ្វើឲ្យ​អ្នក​ដ៏​ទៃ​លំបាក​ដោយសារ​ខ្លួន​នោះទេ​។ ដូចនេះ​គួរ​ណាស់​លោកស្រី ជួ តារា​រ៉េត បញ្ចេញ​សាច់ប្រាក់​ក្នុង​ធនាគា​រមក​សង​ថ្លៃកម្លាំងពលកម្ម​របស់​បុគ្គលិក កម្មករ ដែល​ពួកគាត់​ពួកគាត់​ចំណាយ​ពេលវេលា​ច្រើនណាស់​ក្នុង​ការជួយ​កសាង​ក្រុមហ៊ុន​។​

​ជុំវិញ​បញ្ហា​នេះ ពុំ​អាច​ទំនាក់ទំនង​សុំ​ការបំភ្លឺ​ពី​លោកស្រី ជួ តារា​រ៉េត បានទេ ព្រោះ​លេខ​ទូរស័ព្ទ​ពុំមាន​អ្នកផ្តល់​៕ ឆ្លាម សមុទ្រ


ចែករំលែក៖