ខេត្តក្រចេះ៖ រថយន្តយីឌុបរបស់ជនជាតិវៀតណាម៤គ្រឿង ដែលបានលើកឈើកាលពីល្ងាចថ្ងៃអាទិត្យ ៤រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨ និងព្រឹកថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ បានបើកគេចមកចតសម្ងំលាក់នៅក្នុងចម្ការកៅស៊ូគីឡូម៉ែត្រលេខ១២៣ ចំណុចកា៣ ស្រុកស្នួល ខេត្តក្រចេះ។
ឈើទាំង៤ឡានយីឌុបនេះ ត្រៀមនឹងចេញឆ្លងទៅប្រទេសវៀតណាមនៅល្ងាច ឬយប់បន្តិចក្នុងថ្ងៃនេះ តាមច្រកជ័យឃ្លាំង ឬច្រកដេ១៦ បានន័យថា ស្ថិតនៅលើភាពជាក់ស្តែងសម្រាប់ការបើកភ្លើងខៀវពីសមត្ថកិច្ចអាជ្ញាធរពាក់ព័ន្ធ និងច្រករបៀងនីមួយៗ។
លោកហួត ប៊ុនគីម មេយោធាគ៣ យ៉ាងតិចបានប្រើប្រាស់កម្លាំងប្រដាប់អាវុធ៤នាក់កាំភ្លើងគ្រប់ដៃដើម្បីការពារទីតាំងកន្លែងលើកឈើ ដោយសារទីនោះមានឈើចំនួនច្រើន រថយន្តយីឌុប៤គ្រឿងរបស់ជនជាតិវៀតណាម និងឡានស្ទួចរបស់វៀតណាម ប៉ុន្តែមុននេះបន្តិចវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃចន្ទ ៥រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៨ រថយន្តយីឌុបទាំង៤គ្រឿងផ្ទុកឈើពេញប្រៀប ប្រភេទជាឡាំងជ្រុងៗមានកកោះ សុក្រំនិងធ្នង់ ត្រូវបានបើកគេចចេញពីចំណុចលើក ភូមិប៉ោដើមចេក មកលាក់នៅម្តុំចម្ការកៅស៊ូ ចំណុចកា៣ គីឡូម៉ែត្រលេខ១២៣ ។ ទីតាំងលាក់រថយន្តយីឌុបទាំង៤គ្រឿងនេះ សមត្ថកិច្ច និងអាជ្ញាធរប្រជាពលរដ្ឋនៅទីនោះបានដឹងយ៉ាងច្បាស់ ដោយឡែកចំពោះអ្នកកាសែតវិញ បានត្រឹមតែជិះកាត់ពីចម្ងាយ ដោយសារមិនធានាបញ្ហាសុវត្ថិភាពរបស់ខ្លួន ព្រោះយោធាក្រោមការគ្រប់គ្រងរបស់លោកហួត ប៊ុនគីម ប្រើប្រាស់កាំភ្លើងគ្រប់ដៃ ពួកគេសុទ្ធតែមានប្រវត្តិបាញ់បោះដោយសេរី គំរាមឈ្មួញគ្នាឯង គំរាមសមត្ថកិច្ច ក៏ដូចជាធ្វើសកម្មភាពប្លន់យកវត្ថុតាងដូចជាឈើ និងរថយន្តពេលសមត្ថកិច្ចបង្ក្រាបម្តងៗ។
សមត្ថកិច្ចដែលមានតួនាទីបង្ក្រាបបទល្មើសព្រៃឈើ ពីថ្នាក់លើទៅ យ៉ាងតិចបានទទួលប្រយោជន៍ពី ប៊ុនគីម ក្នុងមួយឡានយីឌុបពី១៥០០ទៅ២ពាន់ដុល្លារ ដូច្នេះពួកគេបានដកខ្លួនពីទីនោះ ធ្វើមិនដឹង ធ្វើមិនឮ ឲ្យម្ចាស់ឈើ ក៏ដូចជាជនជាតិវៀតណាមទាំងនោះ រួមទាំងមេយោធា ហួត ប៊ុនគីមចាត់ចែងជាមួយអាជ្ញាធរ សមត្ថកិច្ចដោយខ្លួនឯង ប៉ុន្តែ បើមានបញ្ជាពីថ្នាក់លើណាមួយ ពួកគេនឹងរាយការណ៍ឲ្យដឹងជាមុន ឬឈានដល់បង្ក្រាបទៅតាមសភាពជាក់ស្តែងនៃបទបញ្ជាពីថ្នាក់លើ ។
រថយន្តយីឌុបរបស់ប៊ុនគីម ប្រើរថយន្តយីឌុបវៀតណាមធ្វើជាមធ្យោបាយដឹកជញ្ជូនឈើនេះយ៉ាងតិចក៏មានចំនួនជាង២០០ម៉ែត្រគូប បន្តិចទៀតគេនឹងត្រៀមឆ្លងផ្លូវជាតិលេខ៧ ចេញពីចម្ការកៅស៊ូចំណុចកា៣ គីឡូម៉ែត្រលេខ១២៣ ដើម្បីឆ្ពោះទៅព្រំដែនវៀតណាម ហើយអាចនឹងឆ្លងក្នុងល្ងាចនេះ ឬយប់នេះ ៕ សុខ ខេមរា