ព័ត៌មានទាន់ហេតុការណ៍៖

យុវជន២នាក់ជិះម៉ូតូលឿនជ្រុលបុករថយន្តចតស្ងៀមបណ្តាលឲ្យស្លាប់ម្នាក់របួសម្នាក់

ចែករំលែក៖

ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមនៅកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ខណៈជិះម៉ូតូលឿនជ្រុលបុករថយន្តកូរ៉េឃ្លុបរបស់រោងចក្រដែលចតស្ងៀម ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩យប់ថ្ងៃអាទិត្យ ១១រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព ស ២៥៦១ ត្រូវនិងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅក្នុងសួនឧទ្យានកាណាឌីយ៉ា ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពជនរងគ្រោះឈ្មោះ ចាន់ណេភេទប្រុស អាយុ២៣ ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលជិតមន្ទីរពេទ្យឯករាជ្យ២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើត នៅភូមិតានូឃុំ ចំបក់ ស្រុកស្វ្រាយជ្រុំ ខេត្តស្វាយរៀង ចំណែកអ្នករបួសឈ្មោះ តូច ហន ភេទប្រុសអាយុ២៤ឆ្នាំ ត្រូវជាបងថ្លៃសពមានស្រុកណើតនៅជាមួយគ្នា ។

តាមសាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តកូរ៉េឃ្លុប ពណ៌ស ពាក់ស្លាកលេខ កំពង់ស្ពឺ 3A 0915 ចតស្ងៀមនៅខាងក្នុងទីលានសួនឧទ្យានកាណាឌីយ៉ា ទិសដៅពីត្បូងទៅជើង លុះមកដល់វេលាកើតហេតុ ស្រាប់តែមានយុវជន២នាក់ជិះម៉ូតូម៉ាក zoomerx ព
ណ៌លឿង លាយខ្មៅ ពាក់ស្លាកលេខភ្នំពេញ1GI 8683 ធ្វើដំណើរក្នុងល្បឿនលឿនទិសដៅពីត្បូងទៅជើង មិនបានប្រយ័ត្នក៏ជ្រុលបុករថយន្តពីក្រោយពេញទំហឹងបណ្តាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ ។

បើតាមកាបញ្ជាក់ពីប្អូនស្រីបង្កើតរបស់សពបានឲ្យដឹងថា ជនរងគ្រោះមានប្រពន្ធទើបនឹងឆ្លងទន្លេបានជិតមួយខួប ហើយមុនពេលកើតហេតុ កាលពីព្រឹកថ្ងៃដដែល ជនរងគ្រោះបានមកខ្ចីម៉ូតូរបស់គាត់ យកទៅជិះ រហូតមកដល់វេលាកើតហេតុ ជនរងគ្រោះ និងបងថ្លៃបានជិះម៉ូតូយកមកឲ្យរូបគាត់ តែមិនទាន់ដល់ផង ក៏ជួបគ្រោះថ្នាំស្លាប់តែម្តង ។

ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗ ចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់ទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែករថយន្ត និងម៉ូតូសមត្ថកិច្ចជំនាញបានវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញរង់ចាំដោះស្រាយតាមច្បាប់ ៕ សុខាសែនជ័យ

 

 


ចែករំលែក៖