ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនម្ចាស់ឧបករណ៍ច្នៃ អាំងម៉ូទ័រ ក្រោយឆក់ព្រានម្នាក់បណ្ដាលឲ្យស្លាប់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ក្រុមព្រានឆ្លុសសត្វព្រៃម្នាក់ក្នុងចំណោមបក្ខពួកចំនួន ៣នាក់ ត្រូវបានឆ្លងចក្ររន្តអគ្គីសនីឧបករណ៍ច្នៃរបស់ព្រានព្រៃផ្សេងទៀតឆក់ស្លាប់យ៉ាងរន្ធត់ សមត្តកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកវាលវែង ស្រាវជ្រាវក្របួចម្ចាស់ឧបករណ៍ច្នៃបង្កទាំងអធ្រាត្រផងដែរ។

ហេតុការណ៍ខាងលើបានបង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោងប្រមាណជាង១០យប់ ថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២០១៦ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ ត្រង់ចំណុចក្បែចំការស្វាយរបស់ឈ្មោះ ប៊ួយ ស្រេង ស្ថិតក្នុងភូមិ.ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ទោ ធាង ឡេង អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកវាលវែងបានឲ្យដឹងថា ជនរងគ្រោះ(ស្លាប់)ឈ្មោះ យង់ សារ៉ាន់ ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំភូមិ.ឃុំកើតហេតុខាងលើ ជនរងគ្រោះមានស្នាមរបួសឆេះដាច់រលាត់ត្រង់ចំណុចដូចជា,គន្លាក់កដៃខាងស្ដាំ,គន្លាក់កូនដៃឆ្វេង, និងគន្ធាក់ម្រាមដៃបន្ទាបខាងឆ្វេងផងដែរ ក្រោយបើកការស្រាវជ្រាវជនរងគ្រោះបាននាំគ្នាចេញទៅឆ្លុះសត្វព្រៃ ដោយប្រើប្រាសអាវុធកែច្នៃប្រភេទ(កាំភ្លើងខ្យល់)មានគ្នាចំនួន ០៣នាក់ ប៉ុន្តែបានដើរឆ្លុះសត្វបែបគ្នា ហើយជនរងគ្រោះអាចសន្ធិដ្ឋានបានដើរទាក់នឹងខ្សែលួសនៃឧបករណ៍កែច្នៃ ដោយខ្សែលួស,អាគុយ,អាំងម៉ូទ័រ(អន្ទាក់ឆក់សត្វព្រៃ) បណ្ដាលឲ្យឆ្លងចក្ររន្តឆក់ស្លាប់បែបនេះ សាកសពបានយកមកមណ្ឌលសុខភាពប្រម៉ោយដើម្បីធ្វើការពិនិត្យជាក់ស្តែង រួចបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារទទួលយកទៅចាត់ចែងតាមប្រពៃណី។

លោក វរសេនីយ៍ទោ បន្តថា លុះនៅវេលាម៉ោង១ និង៥៩នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២០១៦ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ កម្លាំងបានឃាត់ខ្លួនជនសង្ស័យជាម្ចាស់ឧបករណ៍ឈ្មោះ ធូ ធិន ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ.ឃុំជាមួយគ្នា រួមទាំងវត្ថុតាងផងដែរ ហើយនៅព្រឹកថ្ងៃដដែលនេះដែរជនសង្ស័យបានសាភាពចំពោះមុខសមត្តកិច្ចជាម្ចាស់ឧបករណ៍ពិតប្រាកដ។

លោក បន្តទៀតថា ជនសង្ស័យជាម្ចាស់ឧបករណ៍(វត្ថុតាង)បានបន្តនីតិវិធី នៅអធិការដ្ឋាននគរបាលស្រុកវាលវែង ដើម្បីរាបចំសំណុំឯកសារពាក់ព័ន្ធមួយចំនួន និងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ចាត់កាបន្ត៕ បឹុម ពិន


ចែករំលែក៖