បន្ទាយមានជ័យ៖ ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ -ក្រសួងធនធានទឹកនិងឧតុនិយមបាននឹងកំពុងបន្ត ដំណើរការធ្វើការស្ថាបនាស្តារឡើងវិញប្រព័ន្ធធារាសាស្ត្រប្រឡាយមេពោធិ៍ពីរដើម ក្នុងស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដើម្បី ធ្វើឱ្យកាន់តែប្រសើរឡើងថែមទៀតនូវប្រព័ន្ធស្រោចស្រពលើវិស័យកសិកម្ម ពិសេសការដាំ ដុះដំណាំស្រូវ ដំណាំរួមផ្សំបានគ្រប់គ្រាន់គ្រប់រដូវកាលនោះ ក្រោមគម្រោងថវិការបស់រាជរដ្ឋា ភិបាលកម្ពុជា។
លោក យឹម ប៊ុនរ៉ុម ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តបន្ទាយមានជ័យ បានប្រាប់ឱ្យដឹងកាលពីរសៀលថ្ងៃអង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័កព.ស២៥៦១ត្រូវនឹងថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៨ថា បន្ទាប់ពីបានបញ្ចប់ជំហានទី១ និងជំហានទី២ ជាស្ថាពររួចមក ប្រឡាយមេពោធិ៍ពីរដើម ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ចាប់ដំណើរការសាងសង់ ជំហានទី៣បន្តទៀត សម្រាប់ផ្គត់ផ្គង់ទឹកបន្ថែមដល់ការងារបង្កបង្កើនផលស្រូវនៅក្នុងឃុំតាឡំ និងឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។ ការសាងសង់ជំហានទី៣នេះ គឺ មានប្រឡាយប្រវែង ៥៨៤០ម៉ែត្រ និងបំពាក់នូវសំណង់សិល្បការ សរុបចំនួន ១៩កន្លែង ។ នៅពេលសាងសង់រួចប្រឡាយមេពោធិ៍ពីរដើម ជំហានទី៣នេះ នឹងមានលទ្ធភាពស្រោច ស្រពលើផ្ទៃដីស្រូវវស្សាចំនួន ១៥១៨ហិកតា និងស្រូវប្រាំង ២៥០ហិកតា នៅក្នុងឃុំទាំងពីរ នេះដែលកន្លងមកតែងជួបបញ្ហាខ្វះខាតទឹក ជាពិសេសចំពោះការធ្វើស្រូវប្រាំង។
លោក យឹម ប៉ុនរ៉ុម បានឱ្យដឹងដែរថា ក្រៅពីនេះមានប្រឡាយមួយខ្សែប្រវែងជាង ៥.០០០ម៉ែត្រ ដែលក្រុមការងារកំពុងដំណើរការសា្តរឡើងវិញជិតរួចរាល់ហើយ ដែលជា អំណោយរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តបន្ទាយមានជ័យ ជួយដល់ប្រជា ពលរដ្ឋក្នុងឃុំចំណោមដែលស្ថិតនៅប៉ែកខាងលិចស្រុកមង្គលបូរី សម្រាប់នាំយកទឹកពីស្ទឹង មង្គលបូរីទៅស្រោចស្រពដំណាំស្រូវប្រាំងដែលតែងតែធ្វើបានរាប់ពាន់ហិកតានោះ។
ទាក់ទងទៅនឹងស្ថានភាពទឹកនៅតាមបណ្តាប្រព័ន្ធធារាសាស្ត្រនានា នៅពេលនេះ លោកប្រធានមន្ទីរធនធានទឹកនិងឧតុនិយមបានឱ្យដឹងដែរថា អាចធានាផ្គត់ផ្គង់ការប្រើប្រាស់ និងការផលិតស្រូវប្រាំង តែសូមឱ្យអាជ្ញាធរដែនដី សមាគមប្រើប្រាស់ទឹក ប្រជាពលរដ្ឋយើងត្រូវរួមគ្នាថែរក្សាទឹកទុក និងចេះប្រើប្រាស់ឱ្យបានត្រឹមត្រូវ។
របាយការណ៍មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បានឱ្យដឹង ថា គិតត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ការងារបង្កបង្កើនផលស្រូវរដូវប្រាំងទូទាំងខេត្តធ្វើបាន ៣៦.១៦៨ហិកតា ស្មើនឹង ១៦៤,៤០ភាគរយនៃផែនការ ២២.០០០ហិកតា។ការប្រមូលផលស្រូវប្រាំងនេះបានប្រមាណ ១៧.៣៦០ហិកតា ស្មើនឹង៤៨ភាគរយ ដោយទទួលបានទិន្ន ផល ៤,៥០តោនក្នុង១ហិកតា៕