ព័ត៌មានទាន់ហេតុការណ៍៖

ឪពុកក្មេកយករថយន្តកូនប្រសារមកទុកកន្លែងម្លប់ចៃដន្យអាក្រក់ច្រឡំជាន់ហ្គែរបុកប្រពន្ធស្លាប់គួរឲ្យសង្វេគ

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសជាប្ដីបានយំបោកខ្លួនគួរឲ្យស្រងេះស្រងោចបំផុត និងមានវិប្បដិសារីអស់មួយជីវិត ខណៈដែលប្រពន្ធឈរធ្វើសញ្ញាបោយដៃឲ្យរថយន្តឈប់កន្លែងម្លប់ ចៃដន្យអាក្រក់ស្រាប់តែមិនប្រយត្ន័បុកពេញទំហឹងបណ្ដាលឲ្យខ្ទាតបុកនឹងកៅអីអង្គុយ និងម៉ូតូគួរឲ្យរន្ធត់ ។

ហេតុការណ៏នេះបានកើតឡើងកាលពីវេលាម៉ោង១១ព្រឹក ថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចភូមិកណ្តាល ឃុំខ្សែត្រ ស្រុកកំពងរោទ៍ ខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាល ស្រុកបានឲ្យកាសែតនគរវត្តដឹងថា ស្ត្រីដែលរងគ្រោះស្លាប់មានឈ្មោះ ដូង សៅ​​​ ភេទស្រី អាយុ៤៩ឆ្នាំ មានទីលំនៅក្នុងភូមិ ឃុំកើតហេតុខាងលើ ។ ចំណែកប្ដីដែលបើករថយន្តបង្កដោយធ្វេសប្រហែសខ្លួនឯង មានឈ្មោះ ម៉ម សូត្រ អាយុ៥១ឆ្នាំ មុខរបរធ្វើជាមេភូមិកណ្តាលក្នុង ឃុំខ្សែត្រ ស្រុកកំពងរោទ៍ ខណៈរថយន្តម៉ាកម៉ាក Lexus Rx300 ពណ៌ស ស្លាកលេខ californa 4Hzx239 ខូចខាតយ៉ាងដំណំ ។

ប្រភពបន្តថា ចំពោះសម្ភារដែលខូចខាតរួមមានម៉ូតូហុងដាសេ ១២៥ ស៊េរី ឆ្នាំ២០១៦ មួយគ្រឿង និងបង់កៅអីអង្គុយខូចខាតទាំងស្រុង ។

តាមបុរសជាប្ដីបានរៀបរាប់ទាំងទឹកភ្នែកថា មុនកើតហេតុ គាត់បានយករថយន្តកូនប្រសារដែលទើបទិញបាន៣ទៅ៤ខែប៉ុណ្ណោះ យកមកទុកកន្លែងម្លប់ដូចសព្វដង ខណៈដែលឲ្យប្រពន្ធគាត់ធ្វើសញ្ញាបោយដៃឲ្យចួលយ៉ាបខាងជើងផ្ទះ ប៉ុន្តែស្រាប់តែគាត់មិនប្រយត្ន័ច្រឡំជាន់ហ្គែរជ្រុលបុកប្រពន្ធចូលក្រោមរថយន្តស្លាប់នៅនឹងកន្លែងតែម្តង ។

បន្ទាប់ពីពិនិត្យ និងធ្វើកោសល្យវិច័យរួចមក សមត្ថកិច្ចនគរបាលប្រគល់សាកសពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕ យឹម សុថាន

 


ចែករំលែក៖