ខេត្តព្រៃវែង៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តកូរ៉ូឡាបុកគ្នាជាមួយរថយន្តធុនធំពេញទំហឹង បណ្ដាលឲ្យលោកទូច ថុន ដែលជាប្រធានការិយាល័យអប់រំ យុវជន និងកីឡាក្រុងក្រចេះ បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ និងមានអ្នករួមដំណើរ៤នាក់ទៀត ក្នុងនោះមានស្រ្តី៣នាក់រងរបួសធ្ងន់ស្រាល ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១និង១០នាទីព្រឹកថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើផ្លូវជាតិលេខ៨A មុខរោងចក្រ ឃុំស្មោងជើង ស្រុកកំចាយមារ ខេត្ដព្រៃវែង ។
តាមប្រភពព័ត៍មានពីសាក្សីនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេកកើតហេតុ គេឃើញរថយន្ដម៉ាកកូរ៉ូឡា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2Q-3698 បើកបរដោយឈ្មោះ ទូច ថុន ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបរប្រធានការិយាល័យអប់រំយុវជន និងកីឡា ក្រុងក្រចេះ រស់នៅភូមិក្រចេះ ឃុំក្រចេះ ស្រុកក្រចេះ ខេត្ដក្រចេះ និងមានអ្នករួមដំណើរ៤នាក់ទៀត ស្រី៣នាក់ បើកបរពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុ បានវ៉ារថយន្ដមួយទៀត ហើយក៏ជ្រុលទៅបុកនឹងរថយន្ដ ហ៊ីយ៉ាន់ដាយ ពណ៌ស ស្លាកលេខក្រចេះ ៣A-០៥ ៣១ ចំពីមុខពេញទំហឹង បណ្ដាលឲ្យអ្នកបើកបររថយន្តកូរ៉ូឡាស្លាប់ភ្លាមៗនឹងកន្លែង រីឯអ្នករួមដំណើររងរបួសធ្ងន់ ដោយអ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយមិនស្គាល់អត្ដសញ្ញាណ ក្រោយកើតហេតុបានគេចខ្លួនបាត់។
បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រូសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តទាំង២គ្រឿង ត្រូវបាននគរបាលជំនាញចរាចរស្ទួចយកទៅរក្សាទុកនៅប៉ុស្ដិ៍ស្មោងជើង រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់ ៕ សហការី