ខេត្តពោធិ៍សាត់៖ កម្លាំងនគរបាលជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកវាលវែង និងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសោម ឃាត់ខ្លួនជនសង្ស័យជាឃាតកបាញ់សម្លាប់ប្រពន្ធនៅខេត្តកោះកុងនោះហើយ ។
ប្រតិបត្តិការខាងលើនេះធ្វើឡើងនៅវេលាម៉ោង៧ និង៣០នាទីយប់ ថ្ងៃសុក្រ ៩កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ នេះបើតាមការបញ្ជាក់ពី លោក វរសេនីយ៍ទោ ធាង ឡេង អធិការនគរបាលនៃអធិការដ្ឋាននគរបាលស្រុកវាលវែង។
គួររំឭកឡើងវិញថា អំពើឃាតកម្ម បានកើតឡើងនៅវេលាម៉ោងប្រមាណជាង៨នាយ ប់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចលើផ្ទះប្អូនស្ត្រីរងគ្រោះ ស្ថិតក្នុងភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។
ប្រភពពីសាក្សីដែលជាប្អូនស្ត្រីរងគ្រោះបានឲ្យដឹងថា ស្រ្តីរងគ្រោះមានឈ្មោះ ហាន ធឿន ភេទស្រី អាយុ៥០ឆ្នាំ សពថ្ងៃនៅផ្ទះមើលចៅ និងមានប្តីចុង(ជនសង្ស័យ)ឈ្មោះ សេង វិបុល ភេទប្រុស អាយុជាង៥០ឆ្នាំ មានមុខរបរជាកម្មករអារឈើ ។
ប្រភពដដែលបានបន្តថា មុនកើតហេតុគឺជនសង្ស័យនិងស្រ្តីរងគ្រោះបានឈ្លោះប្រកែកគ្នា បន្ទាប់មកស្ត្រីរងគ្រោះក៏បានគេចមកនៅផ្ទះប្អូន ហើយជនសង្ស័យ ក៏តាមមកបាញ់ដល់ផ្ទះប្អូនបណ្តាលឲ្យស្រ្តីរងគ្រោះស្លាប់បាត់បង់ជីវិតភ្លាមៗតែម្តង ។
សាក្សីបានឲ្យដឹងទៀតថា មូលហេតុដែលបណ្តាលឲ្យជនសង្ស័យបាញ់សម្លាប់ជនរងគ្រោះគឺដោយសារប៉ុន្មានថ្ងៃមុន ប្តីដើមរបស់ស្រ្តីរងគ្រោះបានមកហៅស្ត្រីរងគ្រោះឲ្យទៅធ្វើជាមេបាក្នុងថ្ងៃការកូន ទើបធ្វើឲ្យជនសង្ស័យកើតចេញនូវភ្លើងប្រច័ណ្ឌហើយចេះតែតាមរករឿងស្ត្រីរងគ្រោះរហូតមក ស្រាប់តែដល់យប់ថ្ងៃកើតហេតុ ជនរងគ្រោះក៏ត្រូវបានបាញ់សម្លាប់តែម្តង រួចជនសង្ស័យក៏បានរត់គេចខ្លួនបាត់ស្រមោល៕ ប៉ឹមពិន