ខេត្តកណ្ដាលៈ ជនសង្ស័យម្នាក់ ត្រូវបាននគរបាលស្រុកស្អាងធ្វើការចាប់ខ្លួន ដោយអនុវត្តតាមដីការបស់សាលាដំបូងខេត្តកណ្ដាល ពីបទជួញដូរនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។ ប្រតិបត្តការចាប់ខ្លួនខាងលើនេះធ្វើឡើងនៅវេលាម៉ោង៩និង៣០នាទី ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិអូររំចេក ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។
មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនត្រូវចោទចាប់ខ្លួនបានមានឈ្មោះ ទី ចាន់ធី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិបារ៉ែនក្រោម ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។ ជននេះមានដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៦៤៩ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៧ ចុះហត្ថលេខាដោយលោកស្រី ពេជ ម៉ារ៉ែន ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល ចោទប្រកានពីបទ ជួញដូរនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន ដែលបានប្រព្រឹត្តិកាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិក្បាលកោះលិច ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ។
ប្រភពដដែលបន្តថា ក្រោយពីជនសង្ស័យធ្វើសកម្មភាពជួញដូរនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនរួច ជនសង្ស័យរូបនេះបានរត់គេចខ្លួនចេញពីលំនៅដ្ឋានអស់រយះពេលជាច្រើនខែ ដោយពុំដឹងទៅរស់នៅឯខេត្តណានោះទេ លុះមកដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ ស្រាប់តែសមត្ថកិច្ចបានទទួលព័ត៌មានថា ជនសង្ស័យកំពុងរស់នៅក្នុងមូលដ្ឋាន ភ្លាមនោះសមត្ថកិច្ចក៏បានធ្វើការចាប់ខ្លួនដោយអនុវត្តតាមដីការបស់សាលាដំបូង យកមកអធិការដ្ឋាននគរបាលស្រុកដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ ស្អាងជ័យ