ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់ជិះម៉ូតូលឿនរេចង្កូតបុកម៉ូតូសណ្ដោងរ៉ឺម៉កស្លាប់នឹងកន្លែង

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់រវាងម៉ូតូបុកម៉ូតូសណ្ដោងរ៉ឺម៉កបញ្ច្រាសគ្នាពេញទំហឹងលាន់ដូចរន្ទះបាញ់បណ្ដាលឲ្យយុវជនម្នាក់ ស្លាប់ភ្លាមៗនៅនឹងកន្លែង កាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក​ ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិសង្គម ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលស្រុកស្វាយទាបបានឲ្យកាសែតនគរវត្តដឹងថា យុវជនដែលស្លាប់មានឈ្មោះ អ៊ី ពៅ អាយុ២០ឆ្នាំ មានទីលំនៅភូមិសង្គម ឃុំគគីសោម ស្រុកស្វាយទាប ខេត្តស្វាយរៀង ខណៈជិះម៉ូតូម៉ាកហុងដាសេ១២៥ គ្នានស្លាកលេខខូចខាតយ៉ាងដំណំ ។

ប្រភពបន្តថា ចំពោះអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉កមានឈ្មោះ ស៊ាន ប៊ុនធូ ភេទប្រុស អាយុ៣៨ ឆ្នាំមុខរបរកសិករ មានទីលំនៅភូមិកំពោតទូក ឃុំគគីសោម ស្រុកស្វាយទាប។

យោងតាមសាក្សីបានប្រាប់ថា មុនកើតហេតុមានម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿង បានធ្វើដំណើរពីទិសខាងត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូម៉ាក ហុងដាសេ១២៥ពណ៌ ខ្មៅ បើកបរពីជើងទៅត្បូង បញ្ច្រាសទិសគ្នា ក្នុងល្បឿនលឿន ស្រាប់តែរេចង្កូតជ្រុលទៅបុកម៉ូតូសណ្តោងរ៉ឺម៉កចំពីមុខយ៉ាងពេញទំហឹង បណ្ដាលឲ្យមនុស្សខ្ទាតចេញពីម៉ូតូទៅធ្លាក់ម្ខាងផ្លូវ បណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។

ចំណែក អ្នកបើកបររ៉ឺម៉កមានឈ្មោះ ស៊ាន ប៊ុនធូ គ្មានរងរបួសស្នាមនោះទេ ។

ក្រោយកើតហេតុ ប្រមាណ២០នាទី សមត្ថកិច្ចមូលដ្ឋានបានចុះមកវាស់វែង និងយកម៉ូតូទាំង២គ្រឿង យកមករក្សារទុកនៅប៉ុស្តិ៍រដ្ឋបាល ចំណែកសាកសពប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត ៕ យឹម សុថាន


ចែករំលែក៖