ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ រងរបួសធ្ងន់ ខណៈជិះម៉ូតូត្រូវរថយន្តមួយគ្រឿងបុក

ចែករំលែក៖

ភ្នំពេញ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងម៉ូតូនិងរថយន្ត បណ្ដាលឲ្យ បុរសម្នាក់ រងរបួសធ្ងន់ ខណៈដែលរូបគេកំពុងតែជិះម៉ូតូធុនធំមួយគ្រឿង ក៏ត្រូវរថយន្តកាមរីមួយគ្រឿងបើកបុកពីក្រោយពេញទំហឹង ហើយរថយន្តបង្កហេតុបើករត់គេចបាត់ស្រមោល ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរនេះ បានកើតឡើងកាលពីម៉ោង១២និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃសុក្រ ១៥រោច ខែផល្គុន ឆ្នាំរកា នព្វស័កព-ស២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ ត្រង់ចំណុចស្ដុបសន្ធរម៉ុកផ្លូវលេខ១២៨កែងផ្លូវលេខ២៤៥ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្ដ១គ្រឿងម៉ាកតូយូតា កាមរី ពណ៌ស មិនចាំស៊េរីនិងស្លាក​លេខ បើកតាមបណ្ដោយផ្លូវ លេខ១២៨ ពីកើតទៅលិច លុះដល់ចំណុចកើតហេតុ បានបុកជាមួយម៉ូតូធុនធំម៉ាក JSR ពណ៌ស ពាក់ស្លាក​លេខភ្នំពេញ ១GO -២៧៩៦បើកបរតាមផ្លូវលេខ ២៤៥ពីជើងទៅត្បូង បណ្ដាលឲ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់តែម្តង ។ ចំណែករថយន្តបង្កហេតុមិនបានឈប់នោះទេ បានបន្ថែមល្បឿនបើករត់គេចបាត់ស្រមោល ។

ក្រោយកើតហេតុជនរងគ្រោះ ត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ហើយម៉ូតូជនរងគ្រោះ ត្រូវសមត្ថកិច្ចជំនាញយកមករក្សារទុកនៅអធិកាដ្ឋាននគរបាលខណ្ឌទួលគោក រងចាំក្រុមគ្រួសារមកទទួលយកត្រលប់ទៅផ្ទះវិញ ៕ ស តារា


ចែករំលែក៖