ខេត្តពោធិ៍សាត់៖ ព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៥ ខែមីនា ឆ្នាំ ២០១៨ លោក ប៉ុញ សច្ចៈ អគ្គនាយកកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំមន្ត្រីបច្ចេកទេសរបស់ក្រសួង រួមដំណើរជាមួយក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី ចុះពិនិត្យការដ្ឋានសាងសង់ប្រឡាយមេ ដំណាក់ឈើក្រំ ស្ថិតក្នុងខេត្តពោធិ៍សាត់ ដែលបច្ចុប្បន្នសម្រេចការងារបានប្រមាណ ២៩% ហើយ ។
គួររំលឹកផងដែរថា ប្រព័ន្ធធារាសាស្ត្រ ដំណាក់ឈើក្រំ ត្រូវបានក្រសួងធនធានទឹក និងឧតុនិយម ដំណើរការសាងសង់ឡើងវិញ សម្រាប់ផ្គត់ផ្គង់ទឹកស្រោចស្រពដល់ដីស្រែប្រជាកសិករ ប្រមាណ ១៦.១០០ ហិកតា ក្នុងស្រុកភ្នំក្រវាញ និងស្រុកបាកាន ខេត្តពោធិ៍សាត់ ។ ការសាងសង់ឡើងវិញនេះ ត្រូវបានបែងចែកជា ០៣ កញ្ចប់ រួមមាន ៖
– កញ្ចប់ទី ១ (Package I) ៖ សាងសង់សំណង់មេកាត់ស្ទឹងពោធិ៍សាត់ ចំនួន ០១ កន្លែង ត្រង់ចំណុចភូមិដំណាក់ឈើក្រំ ឃុំសំរោង ស្រុកភ្នំក្រវាញ
– កញ្ចប់ទី ២ (Package II) ៖ ជីកប្រឡាយមេ ០១ ខ្សែ ប្រវែង ១៦.០០០ ម៉ែត្រ និងសាងសង់សំណង់សិល្បការ សរុបចំនួន ២៨ កន្លែង
– កញ្ចប់ទី ៣ (Package III) ៖ ជីកប្រឡាយរង ០៤ ខ្សែ សរុបប្រវែង ៦៨.៩៨១ ម៉ែត្រ និងសាងសង់សំណង់សិល្បការ សរុបចំនួន ២១៥ កន្លែង ។
នៅក្នុងការសាងសង់ជំហានដំបូងនេះ ក្រសួង បានចាប់អនុវត្តនូវកញ្ចប់ទី ២ (Package II) នោះគឺការជីកប្រឡាយមេ ០១ ខ្សែ ប្រវែង ១៦ គម លាតសន្ធឹងលើឃុំផ្ទះរ៉ុង ឃុំសំរោង ឃុំបាក់ចិញ្ចៀន នៃស្រុកភ្នំក្រវាញ និងឃុំតាលោ ឃុំខ្នារទទឹង នៃស្រុកបាកាន ។ ប្រឡាយមេ ០១ ខ្សែនេះ គឺមានបំពាក់នូវសំណង់សិល្បការតូច ធំ សរុបចំនួន ២៨ កន្លែង ៕