ភ្នំពេញ៖ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ខណ:ដែលកំពុងជិះម៉ូតូចេញពីធ្វើការតាមដងផ្លូវ ត្រូវបានជនមិនស្គាល់មុខជិះម៉ូតូដេញតាមពីក្រោយ កាប់១ដាវ ហើយគេចខ្លួនបាត់។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោងជាង៧យប់ ថ្ងៃព្រហស្បតិ៍ ១៤រោច ខែផល្គុន ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះខាងលើមានឈ្មោះ ជឹម ឧត្តម ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត ស្នាក់នៅបន្ទប់ជួលនៅម្តុំលូ៥ ស្ថិតសង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យ និងមានស្រុកកំណើតនៅខេត្តតាកែវ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បាននិយាយប្រាប់ថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូម៉ាក Zoomer-X ពណ៌ខ្មៅ លាយស ពាក់ស្លាកលេខ ភ្នំពេញ1FP-9583បើកបរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើតជិះតែម្នាក់ឯង លុះបើកមកដល់ចំណុចកើតហេតុ។ ស្រាប់តែមានជនបង្កមានគ្នា២នាក់ បើកម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម មិនចាំស្លាកលេខ ជិះស្របជាមួយជនរងគ្រោះដោយបើកមកពីក្រោយទន្ទឹមនឹងម៉ូតូជនរងគ្រោះ បានកាប់ទៅលើជនរងគ្រោះចំក្បាលផ្នែកខាងឆ្វេងបណ្តាលឲ្យដួលភ្លាមៗផងដែរ។ ភ្លាមនោះប្រជាពលរដ្ឋនៅកន្លែងកើតហេតុ ឃើញជនរងគ្រោះដួលស្មានថា គ្រោះថ្នាក់ចរាចរណ៍បាននាំគ្នាមកជួយដោយឡែកជនបង្កឃើញដូចនេះក៏ជិះគេចខ្លួនបាត់។
បើតាមសម្តីជនរងគ្រោះបាននិយាយថា គាត់មិនដែលមានទំនាស់ជាមួយជនដៃដល់ទេ។
ក្រោយពេលកើតហេតុបន្ទាប់ពីប្រជាពលរដ្ឋនាំជនរងគ្រោះទៅព្យាលនៅមន្ទីរពេទ្យ៕សុខាសែនជ័យ