ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលបំបែកសំណុំរឿង ​ករណី​ឃាតកម្ម​សម្លាប់​ស្ត្រី​ម្នាក់​ហើយ​ដាក់​ធុង​ទឹកកក​យក​ទៅ​បោះចោល​នៅ​ស្រុក​ខ្សាច់កណ្តាល​

ចែករំលែក៖

ខេត្តកណ្តាល៖​ បន្ទាប់​ពី​មាន​ករណី​ឃាតកម្ម​យ៉ាង​ឃោរ​ឃៅ​មួយ​បាន​កើតឡើង​​ស្ថិតនៅ​ក្នុងភូមិ​អន្លង់​ ឃុំ​ព្រែក​តា​មា​ក់​ ស្រុក​ខ្សាច់កណ្ដាល​ ខេត្តកណ្ដាល​ លោក​ឧត្តមសេនីយ៍ទោ​ អ៊ា​វ​ ចំរើន​ ស្នងការ​ខេត្តកណ្តាល​បាន​ដឹកនាំ​កម្លាំង​បញ្ជា​ផ្ទាល់​ដោយ​សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ជនល្មើស​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់ ​។​

ជាក់ស្តែង​ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ក្រសួងមហាផ្ទៃ​ សហការ​ជាមួយ​កម្លាំង​នគរបាល​ខណ្ឌ​សែន​សុខ​ និង​ន​គរបាល​ខេត្តកណ្តាល​បាន​ឃាត់ខ្លួន​សង្ស័យ​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​ ។​ ប្រតិបត្តិការ​ខាងលើ​បាន​ធ្វើ​ឡើង​នៅ​ថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ ក្នុង​ផ្សារ​ទឹកថ្លា​ សង្កាត់​ទឹកថ្លា​ នៅ​ខណ្ឌ​សែន​សុខ​។​

​លោក​ឧត្តមសេនីយ៍ទោ​ អ៊ា​វ​ ចំរើន​ ស្នងការ​ខេត្តកណ្តាល​បាន​ឲ្យ​ដឹង​ថា ​ជនសង្ស័យ​ឈ្មោះ​ សឿ​ន​ សុខ​ផេង​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ស្រុក​កំណើត​នៅ​ឃុំ​ព្រៃឈរ​ ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​ អស័​យ​ដ្ឋា​ន​បច្ចុប្បន្ន​ផ្ទះ​លេខ​៣៣​ ផ្លូវ​សហព័ន្ធ​រុ​ស្សី​ ភូមិ​ផ្សារ​ទឹកថ្លា​ សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ រាជធានី​ភ្នំពេញ​។​

​យោង​តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​បាន​ឲ្យ​ដឹង​ថា ​មូលហេតុ​ដែល​គេ​សម្លាប់​ស្ត្រី​រង​គ្រោះ​ខាងលើ​បណ្តាល​មក​ពី​រូបគេ​ត្រូវការ​លុយ​ ព្រោះ​គេលេងល្បែង​ចាញ់​ និង​ជំពាក់​លុយ​គេ​ច្រើន​​ ហើយ​រូបគេ​(​ជនសង្ស័យ​)​ជា​មនុស្ស​ស្គាល់គ្នាជាមួយជនរងគ្រោះ​រយៈពេល​២​ទៅ​៣​ឆ្នាំ​ហើយ​។​

ជនសង្ស័យ​បាន​បន្ត​ថា ​ថ្ងៃ​កើតហេតុ​ស្ត្រី​រង​គ្រោះ​បាន​មក​ជួសជុល​ទូរស័ព្ទ​នៅ​កន្លែង​ជនសង្ស័យ​ ដោយ​ឃើញ​ជន​រង​គ្រោះ​មាន​គ្រឿង​អ​ល័​ង្កា​នៅ​ជាប់​ខ្លួន​ច្រើន​ ជនល្មើស​បាន​រៀបចំ​គម្រោង​សម្លាប់​តែ​ម្តង​។​ ជនសង្ស័យ​បាន​បញ្ជាក់​ថា​ ខ្លួន​ចាញ់ល្បែង​ និង​បាន​យក​ម៉ូតូ​របស់​ខ្លួន​មួយ​គ្រឿង​ម៉ាក​ ហុងដា​ DREAM​ ឆ្នាំ​២០១៨​ យក​ទៅ​បញ្ចាំ​ក្រោយ​ពេល​សម្លាប់​នារី​រង​គ្រោះ​ខាងលើ ​ជនសង្ស័យ​បាន​យក​ម៉ូតូ​ជន​រង​គ្រោះ​ម៉ាក ​Zoomer​ X​ មួយ​គ្រឿង​ទៅ​លក់​ និង​យក​លុយ​ទៅ​លោះ​ម៉ូតូ​របស់​ខ្លួន​មក​វិញ​ ។​

​សូម​បញ្ជា​ក់ថាៈ​ កាលពី​ថ្ងៃ​ទី​១៦​ ខែមីនា​ ឆ្នាំ​២០១៨​ សាកសព​ស្ត្រី​ម្នាក់​ ត្រូវ​ឃាតក​កាប់​ចិញ្ច្រាំ​ជា​ច្រើន​កាំបិត​ញាត់​ចូល​ក្នុង​ធុង​ទឹកកក​ ទម្លាក់​ចោល​ក្បែរ​គល់​ស្ពាន​ព្រែក​ព្រះ​គន្លង​ ស្ថិត​ក្នុងភូមិ​អន្លង់​ ឃុំ​ព្រែក​តា​មា​ក់​ ស្រុក​ខ្សាច់កណ្ដាល​ ខេត្តកណ្ដាល​ ។​

​នគរបាល​ស្រុក​ខ្សាច់កណ្ដាល​ បានឱ្យ​ដឹង​ថា​ ស្ត្រី​រង​គ្រោះ​មានឈ្មោះ​ ឃឿ​ន​ ធានី​ អាយុ​២៩​ឆ្នាំ​ រស់នៅ​ភូមិ​ក្រូចសើច​ ឃុំ​ហានជ័យ​ ស្រុក​កំពង់សៀម​ ខេត្តកំពង់ចាម​ ។​

​ប្រភព​ដដែល​បន្ត​ថា​ ក្រោយ​ពី​សមត្ថកិច្ច​ទទួល​បាន​ព័ត៌មាន​ភ្លាម​ សមត្ថកិច្ច​នគរបាល​ជំនាញ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល​ សហការ​ជាមួយ​កម្លាំង​នគរបាល​ជំនាញ​ស្រុក​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ខ្សាច់កណ្ដាល​ ចុះ​ទៅ​អន្តរាគមន៍​នៅ​កន្លែង​កើតហេតុ​ ។​

បច្ចុប្បន្ន​ជនសង្ស័យ​ដែល​ជា​ឃាតក​សម្លាប់​ស្ត្រី​រង​គ្រោះ​ដាក់​ចូល​ក្នុង​ធុង​ទឹកកក​រួច​ហើយ​យក​ទៅ​ទម្លាក់​ចោល​នោះ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ស្នងការ​ខេត្តកណ្តាល​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ ៕ ស្អាងជ័យ


ចែករំលែក៖