ខេត្តកណ្ដាលៈ បុរសម្នាក់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសធ្ងន់ ខណៈជិះម៉ូតូឌុបគ្នាដោយល្បឿនលឿនមិនប្រយ័ត្ន បណ្ដាលឲ្យដួលបោកទៅនឹងផ្លូវ នៅវេលាម៉ោង២ម៉ោង២រំលងអធ្រាត ឈានចូលថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិព្រែកជ្រូក ឃុំបាក់ដាវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
មន្រ្ដីនគរបាលចរាចរណ៍ស្រុកខ្សាច់កណ្ដាលបានឲ្យដឹងថា ជនរងគ្រោះបាត់បង់ជីវិតឈ្មោះ ឡុច បូរ៉ា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកជ្រូក ឃុំបាក់ដាវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ជាអ្នករួមដំណើរពីក្រោយ រីឯជនរងគ្រោះម្នាក់ទៀតឈ្មោះ ផូ ម៉ៅ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបាក់ដាវក្រោម ឃុំបាក់ដាវ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល (រងរបួសធ្ងន់) ។ ចំណែកម៉ូតូដែលជនរងគ្រោះជិះម៉ាកស៊ុយហ្ស៊ូគីនិច ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1FW-0566 ។
ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុសាក្សីបានឃើញជនរងគ្រោះទាំង២នាក់ជិះម៉ូតូឌុបគ្នា តាមបណ្ដោយផ្លូវ ដោយល្បឿលឿនដូចហោះដោយពុំមានការប្រុងប្រយ័ត្ននោះ ។ លុះជិះមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតដួលបោកទៅនឹងផ្លូវពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះដែលជិះពីក្រោយស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីជនរងគ្រោះដែលជាអ្នកឌុបទទួលរងរបួសធ្ងន់ ។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរងបួសធ្ងន់ត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ រីឯជនរងគ្រោះបាត់បង់ជីវិតត្រូវបានក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។
ចំពោះករណីខាងលើ ក្រោយពីធ្វើការវាស់វែងរួច សមត្ថកិច្ចជំនាញបានបញ្ជាក់ថា គឺបណ្ដាលមកពីជនរងគ្រោះជិះម៉ូតូដោយល្បឿនលឿនមិនប្រុងប្រយ័ត្ន ទើបបានជាដួលខ្លួនឯងស្លាប់បែបនេះ ៕ ស្អាងជ័យ