ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ពុំដឹងមានវិបត្តិអ្វីសម្រេចចិត្តចងកធ្វើអត្តឃាតបណ្តាលឲ្យស្លាប់

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់បានសម្រេចចិត្តចងកធ្វើអត្តឃាតសម្លាប់ខ្លួនឯង ទៅនឹងធ្នឹមផ្ទះដោយពុំដឹងថា ជាមានវិបត្តិអ្វីនោះទេ ។ ករណីចងកធ្វើអត្តឃាតខាងលើនេះបានកើតឡើងនៅវេលាម៉ោង១១ និង១០នាទី ថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ ស្ថិតក្នុងផ្ទះរបស់ឈ្មោះ យឺន ណា (ម្ដាយបង្កើតជនរងគ្រោះ) ភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។

មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរគ្រោះឈ្មោះ សេង តាក់ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ-កម្មកររត់តុការ មានទីលំនៅភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្ដាល ។

ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុ ម្ដាយ និងបងប្អូនរបស់ជនរងគ្រោះបាននាំគ្នាជជែកគ្នាលេងនៅខាងក្រៅផ្ទះ លុះមកដល់វេម៉ោង១១ និង១០នាទី បងប្អូនបាននាំគ្នាចូលទៅក្នុងផ្ទះ ក៏ស្រាប់តែឃើញជនរងគ្រោះស្លាប់ដោយចងកនឹងក្រមាទៅនឹងធ្នឹមផ្ទះទៅហើយ ធ្វើឲ្យមានការភ្ញាក់ផ្អើលឡើងដល់ប្រជាពលរដ្ឋជិតខាង និងរាយការណ៍ជូនសមត្ថកិច្ចជំនាញចុះមកពិនិត្យ និងកោសល្យវិច័យ ។

ក្រោយពីពិនិត្យរួច សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងកធ្វើអត្តឃាតប្រាកដមែន ។ រួចក៏បានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ។

តាមការឲ្យដឹងរបស់ក្រុមគ្រួសារជនរងគ្រោះបានបញ្ជាក់ថា កន្លងមក ជនរងគ្រោះបានព្យាយាមចងក២ដងរួចមកហើយ តែក្រុមគ្រួសារឃើញទាន់ក៏បានឃាត់ តែលើកនេះ បែជាជនរងគ្រោះចងកម្ដងទៀត បណ្ដាលឲ្យស្លាប់តែម្ដង ៕ ស្អាងជ័យ


ចែករំលែក៖