ខេត្តកណ្តាល៖ បន្ទាប់ពីមានករណីឃាតកម្មយ៉ាងឃោរឃៅមួយបានកើតឡើងស្ថិតនៅក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការខេត្តកណ្តាលបានដឹកនាំកម្លាំងបញ្ជាផ្ទាល់ដោយសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ស្រាវជ្រាវស្វែងរកចាប់ខ្លួនជនល្មើសយកមកផ្តន្ទាទោសតាមផ្លូវច្បាប់ ។
ជាក់ស្តែងជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលខណ្ឌសែនសុខ និងនគរបាលខេត្តកណ្តាលបានឃាត់ខ្លួនសង្ស័យពាក់ព័ន្ធករណីឃាតកម្ម ។ ប្រតិបត្តិការខាងលើបានធ្វើឡើងនៅថ្ងៃអាទិត្យ ២កើត ខែចេត្រ ឆ្នាំ រកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៨ ក្នុងផ្សារទឹកថ្លា សង្កាត់ទឹកថ្លា នៅខណ្ឌសែនសុខ។
លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការខេត្តកណ្តាលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ សឿន សុខផេង ភេទប្រុស អាយុ២៨ឆ្នាំ ស្រុកកំណើតនៅឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម អស័យដ្ឋានបច្ចុប្បន្នផ្ទះលេខ៣៣ ផ្លូវសហព័ន្ធរុស្សី ភូមិផ្សារទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមចម្លើយសារភាពរបស់ជនសង្ស័យបានឲ្យដឹងថា មូលហេតុដែលគេសម្លាប់ស្ត្រីរងគ្រោះខាងលើបណ្តាលមកពីរូបគេត្រូវការលុយ ព្រោះគេលេងល្បែងចាញ់ និងជំពាក់លុយគេច្រើន ហើយរូបគេ(ជនសង្ស័យ)ជាមនុស្សស្គាល់គ្នាជាមួយជនរងគ្រោះរយៈពេល២ទៅ៣ឆ្នាំហើយ។
ជនសង្ស័យបានបន្តថា ថ្ងៃកើតហេតុស្ត្រីរងគ្រោះបានមកជួសជុលទូរស័ព្ទនៅកន្លែងជនសង្ស័យ ដោយឃើញជនរងគ្រោះមានគ្រឿងអល័ង្កានៅជាប់ខ្លួនច្រើន ជនល្មើសបានរៀបចំគម្រោងសម្លាប់តែម្តង។ ជនសង្ស័យបានបញ្ជាក់ថា ខ្លួនចាញ់ល្បែង និងបានយកម៉ូតូរបស់ខ្លួនមួយគ្រឿងម៉ាក ហុងដា DREAM ឆ្នាំ២០១៨ យកទៅបញ្ចាំក្រោយពេលសម្លាប់នារីរងគ្រោះខាងលើ ជនសង្ស័យបានយកម៉ូតូជនរងគ្រោះម៉ាក Zoomer X មួយគ្រឿងទៅលក់ និងយកលុយទៅលោះម៉ូតូរបស់ខ្លួនមកវិញ ។
សូមបញ្ជាក់ថាៈ កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ សាកសពស្ត្រីម្នាក់ ត្រូវឃាតកកាប់ចិញ្ច្រាំជាច្រើនកាំបិតញាត់ចូលក្នុងធុងទឹកកក ទម្លាក់ចោលក្បែរគល់ស្ពានព្រែកព្រះគន្លង ស្ថិតក្នុងភូមិអន្លង់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
នគរបាលស្រុកខ្សាច់កណ្ដាល បានឱ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះ ឃឿន ធានី អាយុ២៩ឆ្នាំ រស់នៅភូមិក្រូចសើច ឃុំហានជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។
ប្រភពដដែលបន្តថា ក្រោយពីសមត្ថកិច្ចទទួលបានព័ត៌មានភ្លាម សមត្ថកិច្ចនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សហការជាមួយកម្លាំងនគរបាលជំនាញស្រុក នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល ចុះទៅអន្តរាគមន៍នៅកន្លែងកើតហេតុ ។
បច្ចុប្បន្នជនសង្ស័យដែលជាឃាតកសម្លាប់ស្ត្រីរងគ្រោះដាក់ចូលក្នុងធុងទឹកកករួចហើយយកទៅទម្លាក់ចោលនោះកំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការខេត្តកណ្តាលដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ